ខេត្តកណ្តាល៖ កម្មករ កម្មកានី រោងចក្រ ម៉ាស្ទ័រ ឬ ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី ទទួលលទ្ធផលអវិជ្ជមាន ក្រោយធ្វើតេស្តរកមេរោគកូវីដ-១៩ និងត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរាងៗខ្លួន។

យោងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរបានឱ្យដឹងថា កម្មករ កម្មកានី រោងចក្រ ម៉ាស្ទ័រ ឬ ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី ដែលបានទាក់ទងផ្ទាល់ ឫប្រយោលជាមួយអ្នកមានផ្ទុកជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរាងៗខ្លួន ក្រោយរកឃើញថាអវិជ្ជមាននៃជងឺកូវីដ-19។ បន្ទាប់ពីបានអនុញ្ញាតឱ្យទៅផ្ទះវិញ អាជ្ញាធរបានធ្វើការណែនាំឱ្យពួកគេធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្នុងផ្ទះបន្ថែមទៀត ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

បន្ថែមពីនេះទៅទៀត កម្មករ និងកម្មកានី ដែលមានទីលំនៅមកពី ខេត្តតាកែវ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងស្រុកមួយចំនួនក្នុងខេត្តកណ្ដាល អាជ្ញាធរបានដឹកជូនដល់ផ្ទះ និងបានណែនាំធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្ថែមទៀត។ ចំណែកអ្នកមានវិជ្ជមានកូវីដ-១៩ អាជ្ញាធរខេត្ត បានរៀបចំកន្លែងសម្រាប់សម្រាកព្យាបាល នៅរោងចក្រផ្ទាល់ ដោយមានក្រុមគ្រូពេទ្យសម្រាប់ព្យាបាល និងមានកម្លាំងការពារ សន្តិសុខ សុវត្ថិភាព ជូនពួកគាត់ផងដែរ៕