អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយគេហទំព័រ Worldometers នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃអង្គារនេះមនុស្សសរុប ២៥,០៣០នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ និងអ្នកជំងឺ ៣៦៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងកូវីដ១៩ សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៧៤៧,៤៣៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០០,៥៣៣នាក់ និងជាសះស្បើយសរុប ២៧,២០២,៣០៩នាក់។ គិតត្រឹមថ្ងៃទី១៦ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុប ២៧៤លានដូសជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៥៧.៥លាននាក់ (៤៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសទី១។

គួបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនវ៉ាក់សាំងបង្ការកូវីដ១៩ ផលិតក្នុងស្រុកសរុប ២០លានដូសទៅបរទេស នៅត្រឹមដំណាច់ខែមិថុនាខាងមុខ ហើយវានឹងក្លាយជាលើកដំបូង ដែលសហរដ្ឋអាមេរិកធ្វើយ៉ាងដូច្នេះ គិតចាប់តាំងពីខ្លួនបានអនុម័តឲ្យប្រើប្រាស់ ជាផ្លូវការនូវវ៉ាក់សាំងទាំងនោះ៕