អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation បានឲ្យដឹងថា ក្រសួងសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃអង្គារនេះថា អ្នកជំងឺកូវីដ១៩ ចំនួន ៣៥នាក់ទៀតបានបាត់បង់ជីវិត ដែលនេះជាចំនួនករណីស្លាប់ច្រើនបំផុត ក្នុងមួយថ្ងៃនៅក្នុងប្រទេសអាស៊ានមួយនេះ បន្ថែមពីនេះថៃក៏រកឃើញអ្នកឆ្លងកូវីដ១៩ សរុប ២,៤៧៣នាក់ នៅក្នុងរយៈពេល១ថ្ងៃដូចគ្នា ហើយក្នុងចំណោមនោះ ៦៨០នាក់គឺជាករណីឆ្លង ដែលត្រូវបានរកឃើញនៅតាមពន្ធនាគារ ដោយឡែកអ្នកជំងឺ ២,៧២៨នាក់ទៀតបានជាសះស្បើយ។ ។

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លងកូវីដ១៩ សរុបទូទាំងប្រទេសថៃកើនដល់ ១១៣,៥៥៥ករណី ក្នុងនោះមានអ្នកស្លាប់ ៦៤៩នាក់ និងជាសះស្បើយវិញ ៦៩,៩១៨នាក់ ខណៈអ្នកជំងឺជិត ៤៣,០០០នាក់ទៀតកំពុងសម្រាកព្យាបាល។ ខណៈគិតត្រឹមថ្ងៃទី១៧ ខែឧសភា ប្រទេសថៃបានចាក់វ៉ាក់សាំងចំនួន២.២៦លានដូស៕