អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រលើបទឈប់បាញ់ ដើម្បីបិទបញ្ចប់ជម្លោះបង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន តែព្រមពេលជាមួយគ្នានេះលោក ចូ បៃដិននៅតែគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក បៃដិន ក៏បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលជាកិច្ចសន្ទនាលើកទី៣រវាងអ្នកទាំង២ ចាប់តាំងពីជម្លោះផ្ទុះឡើងមក។ នៅក្នុងកិច្ចសន្ទនានោះ លោក បៃដិន បានជំរុញឱ្យ អ៊ីស្រាអែលត្រូវតែធានាឱ្យបានពីកិច្ចគាំពារអាយុជីវិតជនស៊ីវិលស្លូតត្រង់។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកបានបង្ហាញ ការសោកស្ដាយចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើអគារការិយាល័យអ្នកសារព័ត៌មានក្នុងតំបន់ហ្គាហ្សា។ ខណៈការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលបានផ្ដាច់ជីវិតជនជាតិប៉ាឡេស្ទីនកើនដល់ ២១២នាក់ ក្នុងនោះមានកុមារ ៦១នាក់ និងជាង ១,៥០០នាក់រងរបួស។ ចំណែកឯ ភាគីអ៊ីស្រាអែលមានមនុស្ស ១០នាក់ស្លាប់ ក្នុងនោះមានកុមារ ២នាក់ ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីសប្ដាហ៍មុនមក៕