ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ អភិបាលខេត្តព្រះសីហនុ បានសម្រេចបើកដំណើរការអាជីវកម្ម រោងចក្រចំនួន៣ឡើងវិញដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា រោងចក្រទាំង៣ដែលស្ថិតនៅទីតាំងខាងលើ ត្រូវបានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្រោយបិទសារកម្មករកើតជំងឺកូវីដ១៩។

រោងចក្រខាងលើមាន៖ ទី១ រោងចក្រ ហ្សូអី ហូមថិកស្ដាយ ទី២ រោងចក្រ ស៉ីណូប្រៅ (ខេមបូឌា) ហ្គាម៉ិន ខូអិលធីឌី ទី៣ រោងចក្រ ខេម អាយឃែរ ឯ.ក។

ទទឹមនឹងនេះ អាជ្ញាធរតម្រូវឱ្យ ពេលបើកដំណើរការឡើងវិញ ម្ចាស់រោងចក្រខាងលើ ត្រូវអនុវត្តតាមលក្ខខណ្ឌកំណត់របស់ក្រុមការងារបច្ចេកទេសចម្រុះថ្នាក់ខេត្តក្នុងការវិនិច្ឆ័យការផ្អាក និងបើកឡើងវិញនូវសកម្មភាពអាជីវកម្ម និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក៏ដូចអនុវត្តតាមវិធានការ”០៣កុំ ០៣ការពារ” របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕