ខេត្តកណ្តាល៖ មន្ត្រីនគរបាលពាក់ស័ក្ត៣ម្នាក់ បានដកកាំភ្លើងបាញ់៤គ្រាប់សំណាងល្អមិនត្រូវមនុស្ស។ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១៦ ឧសភា ២០២១កន្លងទៅ នៅក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីប៉ូលិសរូបនោះមានឈ្មោះ អនុសេនីយ៍ឯក អ៊ុន សំអាត បម្រើការងារនៅការិយាល័យពិនិត្យភាគ និងកោសល្យវិច្ឆ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ប្រភពពីប្រជាពលរដ្ឋបាននិយាយថា មុនពេលកើតហេតុ ពួកគាត់ឃើញឈ្មោះ អ៊ុន សំអាត ជាមន្ត្រីប៉ូលីស បានជិះម៉ូតូមកដល់កន្លែងកើតហេតុ ស្រាប់តែមានសត្វឆ្កែដេញព្រុស ធ្វើអោយឈ្មោះ អ៊ុន សំអាត ខឹងយ៉ាងខ្លាំង បានជិះម៉ូតូទៅផ្ទះ ចូលយកកាំភ្លើង ត្រឡប់ចេញមកវិញមកបាញ់សត្វឆ្កែចំនួន៤គ្រាប់ តែម្តង សំណាងសត្វឆ្កែ រត់រួច និងមិនបានផ្លាតត្រូវមនុស្សណាម្នាក់នោះទេ។

បើតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងប្រាប់ថា លោកបានអោយប៉ុស្តិ៍រដ្ឋបាលធ្វើការងារនេះហើយ និងហៅលោក អ៊ុន សំអាត មកធ្វើការសាកសួរបន្ថែមសិន។ ចំណែកឯ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានមានប្រសាសន៍ថា លោកបានចាត់ឱ្យជំនាញធ្វើរឿងនេះហើយ៕