ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់លំអិតអំពីព័ត៌មានបន្ថែមពាក់ព័ន្ធនឹងក្រុមហ៊ុន Youtube ផ្អាកមិនឱ្យអ្នកផលិតវីដេអូនៅស្រុកខ្មែរឈប់រកលុយពីប្រព័ន្ធផ្សព្វផ្សាយមួយនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ យូធូប (Youtube) បានផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសកម្ពុជា និងប្រទេសជាង៩០ទៀត ដែលធ្វើឱ្យអ្នកទស្សនាវីដេអូសប្បាយចិត្តព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញអ្នកផលិតមាតិកាចុះផ្សាយក្នុង Youtube មិនអាចរកចំណូលនៅប្រទេសទាំងនោះបានទៀតទេ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបានទាក់ទងតំណាង Youtube ដើម្បីធ្វើការបំភ្លឺ និងជំរុញឱ្យមានដំណោះស្រាយឆាប់រហ័សពាក់ព័ន្ធបញ្ហាខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបដូចខាងក្រោម៖

១. Youtube បានផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង៩០ រួមទាំងកម្ពុជាដោយហេតុថាក្រុមហ៊ុនកំពុងកែសម្រួលគោលការណ៍ផ្សាយពាណិជ្ជកម្ម ដើម្បធ្វើឱ្យមាតិកាវីដេអូកាន់តែល្អប្រសើរ និងតម្រូវឱ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ “កម្មវិធីភាពជាដៃគូ” (Youtube Partner Program) នៅក្នុងប្រទេសដែលជាដៃគូទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន។

២. ក្នុងចំណោមប្រទេសទាំង៩០ ខាងលើការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ Youtube នឹងត្រូវផ្តល់ជូនជាបន្តបន្ទាប់តាមរយៈការទទួលបាន “កម្មវិធីជាដៃគូ” ។ តាមការពិនិត្យជាបឋមរបស់អ្នកតំណាង Youtube ទីផ្សារកម្ពុជាមានលក្ខណសម្បត្តិល្អៗជាច្រើន ក្នុងការទទួលបាន “កម្មវិធីជាដៃគូ” ពី Youtube ដែលការសម្រេចនេះត្រូវការពេលវេលាក្នុងការរៀបចំ និងចូលរួមសហការពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍ និងលក្ខខណ្ឌកំណត់ដោយ Youtube ផងដែរ។

៣. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមលើកទឹកចិត្តឱ្យមានការផលិតមាតិកាល្អៗដោយគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈដើម្បីផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន។ ទទឹមនឹងនេះ ក្រសួងនឹងបន្តពិភាក្សាជាមួយ Youtube ក្នុងការដោះស្រាយកិច្ចការនេះឱ្យបានឆាប់រហ័ស។

EY6PYK A Child watching Youtube videos on a laptop computer[/caption]