ឥណ្ឌា៖ ថ្នាំព្យាបាលកូវីដ-១៩ 2DG ត្រូវបានអាជ្ញាធរឥណ្ឌាដាក់ប្រើប្រាស់ស្ថិតនៅបាច់ដំបូង ក្រោយតេស្ដឲ្យឃើញថា ថ្នាំនេះមានសមត្ថភាពអាចព្យាបាលអ្នកជំងឺ COVID-19 ឆាប់ជាសះស្បើយ។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Time នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌាបានបញ្ចេញថ្នាំព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងបាច់ដំបូង ដែលអភិវឌ្ឍឡើងដោយអង្គការស្រាវជ្រាវ និងការអភិវឌ្ឍផ្នែកការពារជាតិ (DRDO)។

ថ្នាំនេះមានឈ្មោះថា 2DG(2-deoxy-D-glucose) ត្រូវបានក្រសួងការពារជាតិឥណ្ឌា សាកល្បងធ្វើតេស្ដ និងរកឃើញថា ថ្នាំនេះមានសមត្ថភាពអាចព្យាបាលអ្នកជំងឺ COVID-19 ឆាប់ជាសះស្បើយលឿន និងអាចកាត់បន្ថយរយៈពេលសម្រាកព្យាបាល ដែលពឹងលើការប្រើអុកស៊ីសែនផងដែរ។ ហើយថ្នាំ 2-DG ត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ដោយអាជ្ញាធរនិយ័តករឥណ្ឌា សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 មានរោគសញ្ញាពីមធ្យមទៅធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែឧសភានេះ ប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ១៩សរុបចំនួន 24,965,463នាក់ ជាសះស្បើយ 21,174,076នាក់ និងស្លាប់សរុបចំនួន 274,411នាក់៕