អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា តៃវ៉ាន់បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៅក្នុងសហគមន៍ចំនួន ៣៣៣នាក់ថែមទៀត ស្របពេលដែលការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហាក់កំពុងតែវាយលុកខ្លាំងជាលើកដំបូង លើដែនកោះមួយនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា តៃវ៉ាន់ត្រូវគេចាត់ទុកជា គំរូមួយនៃការគ្រប់គ្រងកូវីដ១៩ក៏ប៉ុន្តែរយៈពេលត្រឹមមួយសប្តាហ៍ចុងក្រោយនេះ តៃវ៉ាន់បានរាយការណ៍ ករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍រហូតដល់ជាង ៧០០ករណី ក្នុងចំណោមករណីឆ្លងសរុប ២,០១៧ករណី ដែលត្រូវបានកត់ត្រាចាប់តាំងតែពី វិបត្តិជំងឺរាតត្បាតសកលនេះ បានផ្ទុះឡើងដំបូង។ ចំពោះមុខស្ថានភាពគួរឲ្យបារម្ភបែបនេះ អាជ្ញាធរតៃវ៉ាន់បានដាក់ចេញវិធានការរឹតត្បិត នៅទីក្រុងតៃប៉ិ ជាលើកដំបូងបំផុត។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក៏បាននិងកំពុងប្រព្រឹត្តទៅ នៅកោះតៃវ៉ាន់ផងដែរ ប៉ុន្តែមកទល់ពេលនេះ តៃវ៉ាន់ទទួលបានវ៉ាក់សាំងត្រឹម ៣០០,០០០ដូសប៉ុណ្ណោះ ដែលជារបស់ក្រុមហ៊ុន AstraZeneca ខណៈវ៉ាក់សាំង ២០លានដូស ដែលខ្លួនបញ្ជាទិញពីក្រុមហ៊ុន Moderna មិនទាន់ឃើញមកដល់ឡើយ៕