ខេត្តកណ្ដាល៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៩៖៤៥នាទីព្រឹក នៅចំណុចផ្ទះវេលុយវីង ស្ថិតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានករណីចោរមួយក្រុមដែលគេតែតែហៅថា ក្រុមដៃមឹក បានបន្លំលួចយកប្រាក់អស់ប្រមាណជិត១ម៉ឺនដុល្លាទាំងព្រឹក ធ្វើឲ្យម្ចាស់លុយបានត្រឹមអង្គុយសោកស្ដាយ។

ជនរងគ្រោះម្ចាស់ផ្ទះវីងខាងលើមានឈ្មោះ ឈុំ ស៊ុនណារី ភេទស្រី អាយុ៥១ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ។ ក្នុងហេតុលើលួចលុយខាងលើធ្វើឲ្យជនរងគ្រោះបានបាត់បង់ប្រាក់ជិត ១០,០០០ដុល្លា រួមមាន៖ ១-លុយខ្មែរ៣៦,០០០,០០០៛ ២-លុយដុល្លារ ១,០០០ដុល្លារ ៣,សៀវភៅធនាគារអម្រិត២ក្បាល ៤-កាតវីង២សន្លឹក ៥-កាបូបស្ពាយមួយចំហៀង១។

តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា នៅពេលកើតហេតុមានជនសង្ស័យមួយក្រុម ដំបូងមានគ្នា២នាក់ (ក្នុងនោះមានស្រីម្នាក់) ជិះម៉ូតូម៉ាកហុងដាដ្រីមព័ណ៌ខ្មៅ មិនចាំស្លាកលេខ មកឈប់មុខម៉ូតូលក់ចាប់ហួយរបស់គាត់ រួចស្រ្ដីរូបនោះបានធ្វើជាដូរលុយ១០០ដុល្លា ក្រោយពេលដូរលុយរួច ជនសង្ស័យទាំង២នាក់ក៏បានជិះម៉ូតូចេញទៅបាត់ទៅ។ ក្រោយមកនៅវេលាម៉ោង៨ជាង ក្រុមជនសង្ស័យដដែលបានជិះម៉ូតូ៣គ្រឿងមកឈប់ក្បែរតូបលក់ដូររបស់គាត់ម្ដងទៀត ពេលនោះជនសង្ស័យម្នាក់ជាស្រី (ស្រ្ដីដែលមកដូរលុយ១០០ដុល្លារពេលមុន) បានចុះមកទិញស្រាបៀមួយកេះ។ ដោយឃើញជនរងគ្រោះនៅផ្ទះតែឯង ឆ្លៀតឱកាសល្អជនសង្ស័យម្នាក់ទៀតក៏បានដើរចូលទូវីងលួចបន្លំយកលុយ រួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោល។

ក្រោយពេលក្រុមចោរចេញទៅផុតបាត់ មួយសន្ទុះក្រោយមកទើបជនរងគ្រោះដឹងថាបាត់លុយអស់ពីក្នុងទូរវីង ហើយក៏ផ្អើលឆោរលោ ខលទូរស័ព្ទប្ដឹងសមត្ថកិច្ច តែគ្រប់យ៉ាងហួសពេលអស់ហើយបានត្រឹមសោកស្ដាយ ព្រោះក្រុមចោរបានគេចខ្លួនបាត់ស្រមោល៕