Mediatek ទើបតែបានប្រកាសចេញនូវ Dimensity 900 ដែលជាបន្ទះឈីប 5G ស៊េរីចុងក្រោយរបស់ខ្លួនដែលត្រូវបានកំណត់សម្រាប់ស្មាតហ្វូនកម្រិតមធ្យម។ វាត្រូវបានបង្កើតឡើងនៅលើបច្ចេកវិជ្ជា 6 nm និងភ្ជាប់មកជាមួយការធ្វើឱ្យទាន់សម័យពីលើឈីប Dimensity 800 ដែលមានស៊ីភីយូលឿនជាងមុននិងជម្រើសនៃការភ្ជាប់កាន់តែប្រសើរ។

បន្ទះឈីប Dimensity 900 ថ្មីនាំមកនូវស៊ីភីយូ Octa-core ដែលមានចង្កោមពីរប្រភេទមួយជាប្រភេទ Cortex-A78 ចំនួន 2 គ្រាប់មានល្បឿន 2.4GHz និង 6 គ្រាប់ទៀតជាប្រភេទ Cortex-A55 មានល្បឿន 2 GHz។ បន្ទះឈីបនេះអាចទ្រទ្រង់កាមេរ៉ាដែលមានទំហំរហូតដល់ទៅ 108 មេហ្គាភិចស៊ែលនិងអាចថតវីដេអូបានរហូតដល់កម្រឹត 4K @ 30 fps ទៀតផង។

ស្មាតហ្វូនដែលមានបន្ទះឈីប Dimensity 900 អាចមានអេក្រង់ Full HD + ដែលមានអត្រា refresh rate រហូតដល់ 120 ហឺតនិងមានអង្គចងចាំប្រភេទស្តង់ដាចុងក្រោយបំផុតគឺ LPDDR5 និងអង្គផ្ទុកទិន្នន័យប្រភេទ UFS 3.1 ថែមទៀតផង ។ លក្ខណៈពិសេសមួយទៀតដែល Mediatek ពិតជាមានមោទនភាពនោះគឺការគាំទ្រសម្រាប់ Dual 5G ដែលទូរស័ព្ទនេះពិតជាអាចដំណើរការបាននៅលើបណ្តាញ 5G ទាំងពីរក្នុងពេលដំណាលគ្នាក៏ដូចជាការបញ្ចូលគ្នានូវបណ្តាញ 5G តែមួយជាមួយបណ្តាញជំនាន់ចាស់ផងដែរ។

ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់នេះមិនបានបង្ហើប ឲ្យដឹងថាពេលណាយើងនឹងឃើញស្មាតហ្វូនដែលមានអង្គប្រតិបត្តិការប្រភេទនេះនៅលើទីផ្សារនោះទេប៉ុន្តែបើនិយាយពីការពិតវាត្រូវបានគេប្រទះឃើញនៅលើ benchmarked រួចទៅហើយដូច្នេះសង្ឃឹមថាយើងនឹងបានឃើញឈីបនេះដំណើរការលើទូរស័ព្ទក្នុងពេលឆាប់ៗនេះទៅចុះ។