អន្ដរជាតិ៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសចិនបានបង្ហាញការសោកស្ដាយចំពោះសហរដ្ឋអាមេរិកដែលបានបិទខ្ទប់មិនឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ចំពេលទីក្រុងប៉េកាំងកំពុងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីបញ្ឈប់ ការបង្ហូរឈាមដាក់គ្នារវាងភាគីទាំង២។

លោក វ៉ាង យី បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខតាមវីដេអូកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា «វាជារឿងគួរឱ្យស្ដាយដែលប្រទេសមួយបង្កឧបសគ្គរារាំងមិនឱ្យក្រុមប្រឹក្សាសន្តិសុខអាចបញ្ចេញសំឡេងតែមួយ…យើងអំពាវនាវឱ្យសហរដ្ឋអាមេរិកមានភាព ទទួលខុសត្រូវ»។ បន្ថែមពីនេះលោក វ៉ាង យី ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយផងដែរ និងស្នើឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការសកម្មភាពយ៉ាងរឹងមាំ ក្នុងនោះរួមមានទាំងការគាំទ្រដំណោះស្រាយរដ្ឋពីរ (two-state solution) ហើយថាចិននឹងស្វាគមន៍ការទទួលរៀបចំកិច្ចចរចារវាងអ្នកតំណាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកដែលជាខ្នងបង្អែកដ៏ធំរបស់អ៊ីស្រាអែលបានពន្យារពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ជាមួយការបង្ហាញពីចេតនារារាំង ការចេញសេចក្ដីថ្លែងការណ៍រួមរួចស្រេចទៅហើយ។ ខណៈរដ្ឋបាលលោក ចូ បៃដិនបាននិយាយថាខ្លួនកំពុងធ្វើការនៅពីក្រោយឆាកដើម្បីព្យាយាមបន្ធូរបន្ថយជម្លោះ ហើយថាការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខមានតែធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញប៉ុណ្ណោះ៕