អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី១៦ ខែឧសភា បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres សង្រ្គាមរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាពិតជាគួរឱ្យរន្ធត់ណាស់ ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ។

ក្នុងការបើកកិច្ចប្រជុំជាសាធារណៈលើកដំបូង របស់ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ដែលមានសមាជិក ១៥រូបស្តីពីជម្លោះ លោក Guterres បាននិយាយថា អង្គការសហប្រជាជាតិកំពុងអូសទាញគ្រប់ភាគីទាំងអស់ឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់ និងបានអំពាវនាវឱ្យពួកគេ «អនុញ្ញាតិឱ្យកិច្ចខិតខំប្រឹងប្រែងក្រុមស្រមុះស្រមួលទទួលបានជោគជ័យ»។

កន្លងមក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំជាឯកជនចំនួនពីរដងរួចមកហើយ កាលពីសប្តាហ៍មុន ជុំវិញអំពើហិង្សាដែលកាន់តែអាក្រក់ទៅៗនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមជាសាធារណៈនៅឡើយទេ ដោយសារតែសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ីស្រាអែលមិនជឿថាវានឹងមានប្រយោជន៍ ។

សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅអ៊ីស្រាអែលមានមនុស្ស ១០នាក់បានស្លាប់ ក្នុងនោះមានកុមារ ០២នាក់ក្នុង ការវាយប្រហារដោយរ៉ុក្កែតរាប់ពាន់ដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត។ ចំណែកនៅតំបន់ហ្គាហ្សាចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១៨១នាក់ក្នុងនោះមានកុមារ ៤៧នាក់ ខណៈអ្នករបួសរាប់ពាន់នាក់៕