ភ្នំពេញ៖ ក្រោយខកខានការហោះហើរត្រង់ទាំងស្រុង ពីឥណ្ឌូនេស៊ីមកកម្ពុជាជាច្រើនសតវត្សរ៍ កម្ពុជា-ឥណ្ឌូនេស៊ី បានឯកភាពគ្នារៀបចំឱ្យមានការហោះហើរត្រង់ជាមួយគ្នាឡើងវិញ នាចុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines ជាមួយនឹងការរំពឹងទុកថានឹងមានកំណើនទេសចរមកកម្ពុជាបន្ថែម។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ដីពីការត្រៀមរៀបចំសម្ពោធជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកម្ពុជា លោក Heriyanto អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines នឹងបើកការហោះហើរត្រង់ពីរដ្ឋធានីហ្សាកាតាមករាជធានីភ្នំពេញ នាចុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្នុងមួយសប្ដាហ៍ហោះហើរត្រង់ចំនួន ៣ជើង គឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។

តំណាងក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines រូបនេះ បានបង្ហាញការជឿជាក់ថា តម្លៃជិះយន្តហោះរបស់ក្រុមហ៊ុនលោកនឹងធ្វើឱ្យអតិថិជនទទួលយកបានគ្រប់គ្នា ហើយនៅតែគាំទ្រការប្រើប្រាស់ជើងហោះហើររបស់ក្រុមហ៊ុនមួយនេះ។

លោកថា នៅពេលជើងហោះហើរត្រង់ហ្សាកាតា-ភ្នំពេញដំណើរការទៅរលូនល្អហើយ ក្រុមហ៊ុនលោកមុខជាពង្រីកការហោះហើរត្រង់ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាផ្សេងទៀត ដូចជាហោះហើរត្រង់ពីរដ្ឋធានីហ្សាកាតាមកខេត្តសៀមរាប-អង្គរ និងខេត្តព្រះសីហនុជាដើម ឬពីកោះបាលីដែលតំបន់ទេសចរណ៍ដ៏សំខាន់របស់ឥណ្ឌូនេស៊ី មកកាន់កម្ពុជាបន្ថែមផងដែរ។

សូមជម្រាបថា ក្រោយពីមានការខកខាកអស់រយៈពេលជិត៥០ឆ្នាំកន្លងមក ដែលក្នុងអំលុងទសវត្សទី៧០ ធ្លាប់មានការហោះហើរត្រង់ពីភ្នំពេញ-ហ្សាកាតា តាមរយៈក្រុមហ៊ុន Royal Air Cambodge ប៉ុន្តែជាអកុសល ដោយសារប្រទេសកម្ពុជាជួបនូវសង្គ្រាមពេញផ្ទៃប្រទេស ការហោះហើរត្រង់នោះត្រូវបានកាត់ផ្ដាច់ទាំងស្រុង៕