សហរដ្ឋអាមេរិក៖ គិតត្រឹមថ្ងៃ១៦ ខែឧសភានេះ អាជ្ញាធរអាមេរិកប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួនជិត២៦ពាន់នាក់ និងករណីស្លាប់ជិត៥០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC News នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

តាមការដកស្រង់ចេញពីគេហទំព័រ Worldometer បានឱ្យដឹងថា ករណីឆ្លងថ្មីនៅសហរដ្ឋអាមេរិកមានចំនួន ២៥,៦៤២នាក់ និងស្លាប់ចំនួន៤៩៩នាក់។ ដូច្នេះអាមេរិកមានករណីឆ្លងសរុបកើនដល់ ៣៣,៦៩៥,៩១៦នាក់ អ្នកជាសះស្បើយ ២,៧០៩,៨៦២០នាក់ និងស្លាប់សរុបកើនដល់ ៥៩៩,៨៦៣នាក់។

តាមតួរលេខនេះបានបង្ហាញថា សហរដ្ឋអាមេរិកកំពុងឈរលើកំពូលតារាងលេខ០១ ដែលមានប្រជាជនឆ្លងច្រើនជាងគេ ខណៈឥណ្ឌាឈរលេខ០២ និងប្រេស៊ីលនៅលេខ០៣។

គួរបញ្ជាក់ ករណីឆ្លងថ្មីឥណ្ឌាគឺកើនឡើងច្រើនជាសហរដ្ឋអាមេរិក មានចំនួន៣១០,៨២២នាក់ និងករណីស្លាប់ចំនួន៤០៩០នាក់ ហើយនៅពេលនេះឥណ្ឌាមានករណីឆ្លងសរុបកើនដល់ ២៤,៦៨៣,០៦៥នាក់ ជាសះស្បើយសរុប ២០,៧៨៩,០៣៨នាក់ និងស្លាប់កើនដល់២៧០,៣១៩៕