ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនមេក្លោង០៣នាក់ និងរឹបអូសគ្រឿងញៀនបានសរុបជិត៨០គីឡូក្រាម ដែលពួកគេបម្រុងនាំឆ្លងដែនកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម។ នេះយោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

តាមសម្តីរបស់សមត្ថកិច្ចបានឱ្យដឹងថា មេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន០៣នាក់ ទី១៖ឈ្មោះ LIU JIC អាយុ៤០ឆ្នាំ និងទី២៖ឈ្មោះ CHAN HUNG FAI អាយុ៥៨ឆ្នាំ និងទី៣ឈ្មោះ ហ្វាន អ៊ី(FAN YI) ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តទៀតថា ករណីទី១៖ ប្រតិបត្តិការនេះ គឺបានបន្តការស៊ើបអង្កេតតាមជំនាញ លើករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដែលបានសហការបង្ក្រាបនៅខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។

រហូតដល់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក១០ ចូលរួមសហការពីកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងដឹកនាំសម្របសម្រួលពីលោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជាលទ្ធផល កម្លាំងជំនាញឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន០២នាក់ ទី១៖ឈ្មោះ LIU JIC អាយុ៤០ឆ្នាំ និងទី២៖ឈ្មោះ CHAN HUNG FAI អាយុ៥៨ឆ្នាំ ក្នុងនោះចាប់យកវត្ថុតាង សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់៥២.៧៦៨គីឡូក្រាម, ហេរ៉ូអ៊ីន ចំនួន៤៩ដុំ ស្មើទម្ងន់១៧.២៩២គីឡូក្រាម, មេតំហ្វេតាមីន (ICE) ១១.៧៩ក្រាម សរុបចាប់យកវត្ថុតាងគ្រឿងញៀន សរុប៧០.០៧២គីឡូក្រាម។
ដោយឡែក ករណីទី២៖ បង្ក្រាបបាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១៖៣៥នាទី ដោយកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យក៥ ព្រមទាំងដឹកនាំសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចបេនឡានអូរឬស្សី ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ។

ជាលទ្ធផល ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ចំនួន០១នាក់ ឈ្មោះ ហ្វាន អ៊ី(FAN YI) ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបានរួមមាន អ៊ិចស្តាស៊ី (MDMA) ទម្ងន់៩៧១.៧៧ក្រាម (លាក់បង្កប់ក្នុងជើងកង្ហារបញ្ឍរ), កេតាមីន (Ketamine) ទម្ងន់ ៥.៥៧៨គីឡូក្រាម, មេតំហ្វេតាមីន (ICE) ៩៣.១៩ក្រាម ចាប់យកវត្ថុតាងគ្រឿងញៀនសរុប៦.៦៤៣គីឡូក្រាម។

គួរបញ្ជាក់ថា មេក្លោងឧក្រិដ្ឋនជនទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕