តូក្យូ៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ បានអោយដឹងថា​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសជប៉ុនហើយ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃ តាមរយៈជើងហោះហើរ Air Force One ចាកចេញពីមូលដ្ឋានទ័ពអាកាស អាន់ឌ្រូ (Andrews) ដែលស្ថិតនៅក្បែររដ្ឋធានីវ៉ាស៊ីនតោន កាលពីមុនម៉ោង ១៖០០នាទីរសៀលថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីនតោន)។

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោក ត្រាំ នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ អំពីប្រធានបទសំខាន់ៗមួយចំនួន ដូចជាបញ្ហានុយក្លេអ៊ែកូរ៉េខាងជើង បញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបញ្ហាសន្តិសុខជាតិជាដើម ហើយជាមួយគ្នាលោក ត្រាំ ក៏អាចនឹងជជែកពាក់ព័ន្ធអំពីលទ្ធភាពនៃការធ្វើដំណើរទស្សនកិច្ចរបស់ អាបេ ទៅកាន់អ៊ីរ៉ង់ផងដែរព្រោះថា បើទស្សនកិច្ចរបស់លោក អាបេ នៅអ៊ីរ៉ង់អាចកើតមានទៅរួច វានឹងក្លាយជាទស្សនកិច្ចលើកដំបូងបង្អស់ របស់មេដឹកនាំជប៉ុននៅប្រទេសអ៊ីរ៉ង់ ដែលមិនធ្លាប់នោះទេក្នុងអំឡុងពេល ០៤ទសវត្សរ៍មកនេះ។

នៅថ្ងៃអាទិត្យ លោក ត្រាំ នឹងត្រូវចូលរួមការវាយកូនហ្គោលជាមួយ លោកនាយករដ្ឋមន្រ្តីជប៉ុន និងទស្សនាការប្រកួតថ្ងៃចុង ក្រោយនៃព្រឹត្តិការណ៍កីឡាស៊ូម៉ូប្រចាំរដូវក្តៅ នៅឯទីលានប្រកួតស៊ូម៉ូ កូគុជីកាន់ (Kokugikan) ក្នុងទីក្រុងតូក្យូ ហើយលោកនឹងផ្តល់ពានរង្វាន់ពិសេសមួយ ដល់អ្នកដែលទទួលជ័យជម្នះ។

គួរជម្រាបថា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ក្រៅពីជំនួបពិភាក្សាទ្វេភាគីជាមួយ លោក អាបេ លោក ដូណាល់ ត្រាំ នឹងក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលបានចូលគាល់ព្រះចៅ អធិរាជថ្មីរបស់ជប៉ុន គឺព្រះចៅ ណារុហ៊ីតុ (Naruhito) និងព្រះមហេសីរបស់ទ្រង់ ម៉ាសាកុ (Masako) បន្ទាប់ពីព្រះអង្គទើបតែបានឡើងស្នងរាជ្យកាលពី ថ្ងៃទី០១ ខែឧសភានេះ បន្តពីព្រះបិតា អាគីហ៊ីតុ (Akihito) ដែលបានសម្រេចដាក់រាជ្យ ហើយការដាក់រាជ្យនេះទៀតសោត មិនធ្លាប់ត្រូវបាន ធ្វើឡើងដោយព្រះចៅអធិរាជជប៉ុនឡើយ ក្នុងអំឡុងពេលប្រមាណ ២០០ឆ្នាំចុងក្រោយនេះ។ នៅថ្ងៃអង្គារ លោក ត្រាំ នឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ៕