ប្រទេសវៀតណាម : នៅយប់ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣៨នាក់ទៀត ដែលធ្វើឲ្យចំនួនករណី ឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៣,៨៥៤នាក់ និងស្លាប់ម្នាក់នាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់៣៦នាក់ និងអ្នកជាសះស្បើយវិញមានចំនួន ២,៦៥៧នាក់។ នេះបើយោងតាមគេហទំព័រពិភពលោក Worldometers ។
ទីក្រុង ដា ណាង (Da Nang) ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃសុក្រនេះបានប្រកាសដាក់ចេញ នូវបម្រាមក្នុងការជួបជុំមនុស្សចាប់ពី ០៥នាក់ឡើងទៅ ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ខណៈទីក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ បានរកឃើញអ្នកឆ្លងថ្មីៗជាលំដាប់ គិតចាប់តាំងពីករណីឆ្លងសហគមន៍ ផ្ទុះឡើងវិញនៅវៀតណាមកាលពីចុងខែមេសា។
គួរបញ្ជាក់ថា គិតចាប់ពីតាំងពីថ្ងៃទី២៧ ខែមេសា មកដល់ថ្ងៃទី១៤ ខែឧសភានេះ វៀតណាមបានកត់ត្រាករណីឆ្លង COVID-19 ក្នុងសហគមន៍ប្រមាណ ៨២៤ករណី នៅក្នុងខេត្ត និងទីក្រុងសរុបចំនួន ២៦។ វិធានការរឹតបន្តឹង និងការបិទខ្ទប់តំបន់តូចៗ ជាពិសេសនៅក្នុងរដ្ឋធានីហាណូយ ក៏ត្រូវបានដាក់ចេញរួចមកហើយដែរ៕