(ប្រទេសថៃ បាងកក)៖ អ្នកជំនាញប្រទេសថៃបានពិសោធន៍ទៅ វ៉ាក់សាំងចិន SINOVAC អាចប្រឆាំងនិងជំងីកូវីដ-១៩ លោកវេជ្ជបណ្ឌិត Yong Poovorawan ជាអ្នកឯកទេសខាងផ្នែករោគសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយនៅលើហ្វេសប៊ុក នៅថ្ងៃព្រហស្បតិ៍នេះថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ (Sinovac) អាចផ្ដល់ភាពស៊ាំ ដែលមានសមត្ថភាពរហូតដល់ ៩៩.៤ភាគរយប្រឆាំងនឹងវីរុសកូវីដ-១៩នេះ បន្ទាប់ពីការចាក់លើកទី២បានរយ:មួយខែ។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត Yong Poovorawan បានលើកឡើងថា ដោយយោងតាមការសិក្សាស្រាវជ្រាវមួយ ដោយសាកលវិទ្យាល័យ Chulalongkorn និងមន្ទីរពេទ្យ Banphaeo នៅខេត្តសាមុត សាខន អំពីប្រព័ន្ធភាពស៊ាំរបស់មនុស្ស មុននិងក្រោយពេលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុស កូវីដ-១៩ របស់ Sinovac ពីរដូស ដោយដូសទីពីរចាក់ក្រោយដូចទីមួយ ៣សប្តាហ៍។
លោក Yong Poovorawan បានបកស្រាយថា «យើងបានរកឃើញថា ប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ៗ មានការកើនឡើងខ្លាំង នៅពេលបានទទួលការចាក់វ៉ាក់សាំង។ មួយខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២ ប្រព័ន្ធភាពស៊ាំ បានកើនឡើងប្រហាក់ប្រហែលនឹង ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ដែលបានឆ្លងវីរុសនេះ ហើយជាសះស្បើយវិញ បានរយៈពេល ៤-៨សប្តាហ៍»។

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា «អ្នកដែលបានចាក់វ៉ាក់សាំង Sinovac ដូសទីពីរ អាចទទួលបានប្រព័ន្ធភាពស៊ាំ ដែលមាន សមត្ថភាព ៩៩.៤ភាគរយប្រឆាំងនឹងជំងឺ កូវីដ-១៩ ខណៈអ្នកជំងឺដែលបានឆ្លងវីរុសនេះ ហើយជាវិញ អាចទទួលបានប្រព័ន្ធភាពស៊ាំ ដែលមានសមត្ថភាពទប់ទល់៩២.៥ភាគរយ»។ លោកវេជ្ជបណ្ឌិតប្រទេសថៃ បានមានប្រសាសន៍ទៀតថា «យើងដឹងរួចហើយថា អ្នកជំងឺដែលបានជាសះស្បើយ អាចត្រូវបានឆ្លងវីរុសនេះម្តងទៀត ប៉ុន្តែភាពធ្ងន់ធ្ងរទំនងជាតិចជាងលើកដំបូង»។

គួរបញ្ជាក់ថា បើតាមលោកវេជ្ជបណ្ឌិត Yong Poovorawan ការសិក្សារយៈពេលក៏កំពុងធ្វើឡើងផងដែរ អំពីប្រព័ន្ធភាពស៊ាំនៃអ្នកចាក់វ៉ាក់សាំង ក្នុងគោលបំណងព្យាករពីឱកាសនៃការឆ្លងវីរុស កូវីដ-១៩ ឡើងវិញ។ ក្នុងរយៈពេលវែង ការសិក្សានេះ នឹងអាចឲ្យដឹងបានថា តើវាចាំបាច់ក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុស កូវីដ-១៩ លើកទី៣ ឬយ៉ាងណា ហើយប្រសិនបើវាដូច្នោះ តើនៅពេលណាដែលគួរតែទទួលការចាក់លើកទី៣៕