អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ បានឲ្យដឹងថា ក្រសួងសុខាភិបាលរុស្ស៊ី នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង កូវីដ១៩ ចំនួន ៩,៤៦២នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះនាំឱ្យអ្នកឆ្លងសរុបកើនដល់ ៤,៩២២,៩០១នាក់។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលដូចគ្នាអ្នកស្លាប់ ៣៩៣នាក់ក៏ត្រូវបានរាយការណ៍ផងដែរ ធ្វើឱ្យអ្នកស្លាប់ដោយសារកូវីដ១៩ កើនដល់ ១១៥,១១៦នាក់ ខណៈ ៤,៥៣៧,៦៣៤នាក់បានជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ១៩ច្រើនជាងគេនៅក្នុងប្រទេសរុស្សីគឺកើតមានឡើងនៅក្នុងទីក្រុងម៉ូស្គូ ដែលមានចំនួនអ្នកឆ្លងកូវីដ១៩សរុប ១,១៣១,២៣៥នាក់ ហើយមកទល់បច្ចុប្បន្នរុស្ស៊ីបានធ្វើតេស្ដរកកូវីដ១៩ លើប្រជាជន ១៣២.៧លាននាក់។ ថ្វីត្បិតតែប្រទេសរុស្សីបានចាក់វ៉ាក់ឲ្យប្រជាជនបានយ៉ាងច្រើនលើសលុបក៏ដោយ ប៉ុន្ដែចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺនេះ នៅតែកើតមានជារាងរាល់ថ្ងៃ៕