ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប ក្នុងនាមជាមន្ត្រីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត (Market Intelligence) និងការធ្វើការតាមដានត្រឡប់ (Trace Back) លើករណីបង្ក្រាប អាល់កុលក្លែងក្លាយ បានដកហូតអាល់កុលក្លែងក្លាយជាង១២តោនបន្ថែមទៀត នៅទីតាំងស្តុកទុក បម្រុងលក់ចូលទីផ្សារ ក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមជម្រាបជូនថា មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប ក្នុងនាមជាមន្ត្រីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត (Market Intelligence) និងការធ្វើការតាមដានត្រឡប់ (Trace Back) លើករណីបង្ក្រាប អាល់កុលក្លែងក្លាយ នៅម្តុំអូឡាំពិក កាលពីពេលថ្មីនេះ ដោយកំណត់យកទីតាំងសង្ស័យមួយចំនួន តួយ៉ាងទីតាំងឃ្លាំងគ្មានលេខ ផ្លូវ២៩២ កែងផ្លូវ១៥៣ សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង ដែលសង្ស័យស្តុកអាល់កុលក្លែងក្លាយ ត្រៀមចែកចាយលើទីផ្សារ ត្រូវបានមន្ត្រីជំនាញស្នើសុំគោលការណ៍ ពីស្ថាប័នអយ្យាការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្ក្រាបនៅរសៀលថ្ងៃដដែលនេះ។

ជាលទ្ធផល ដោយមានការឯកភាពពីស្ថាប័នអយ្យាការ អមសាលាដំបូងរាជធានីភ្នំពេញ និងកិច្ចសហការជាមួយស្នងការដ្ឋាន រាជធានីភ្នំពេញ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះបង្ក្រាបលើទីតាំងឃ្លាំងខាងលើ និងបានធ្វើតេស្តតាមរយៈរថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញ វត្តមាន អាល់កុលក្លែងក្លាយ ឬសាធាតុមេតាណុល បានចំនួន ៤១២កាន ស្មើនឹង ១២,៣៦០លីត្រ ត្រូវបានរឹបអូស និងចាត់ចែងបន្ត តាមនីតិវិធីច្បាប់៕