អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសថា អ្នកដំណើរដែលមកពីប្រទេសវៀតណាម នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ នៅកន្លែងដែលអាជ្ញាធររៀបចំ ដោយសារការកើនឡើង នៃករណីឆ្លងកូវីដ១៩ក្នុងប្រទេសដែលស្ថិតនៅក្នុងតំប់អាស៊ីអាគ្នេយ៍មួយនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមក អ្នកដំណើរតម្រូវឲ្យធ្វើចត្តាឡីស័កត្រឹម១៤ថ្ងៃប៉ុណ្ណោះ នៅកន្លែងដែលរៀបចំដោយអាជ្ញាធរ និងត្រូវតាមដានសុខភាព០៧ថ្ងៃបន្ថែម នៅកន្លែងស្នាក់នៅផ្ទាល់ខ្លួន និងកន្លែងស្នាក់អាស្រ័យផ្សេងៗ ដែលពួកគេចាត់ចែងដោយខ្លួនឯង ប៉ុន្តែនាពេលនេះ អ្នកមកពីប្រទេសវៀតណាម ត្រូវធ្វើចត្តាឡីស័ក២១ថ្ងៃពេញ នៅកន្លែងរៀបចំដោយអាជ្ញាធរសិង្ហបុរី។ គោលការណ៍ថ្មីនេះ នឹងត្រូវអនុវត្តភ្លាមៗ ក្រោយការចេញសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី។

សូមបញ្ជាក់ថា អ្នកដំណើរដែលធ្វើចេញពីប្រទេសវៀតណាម ត្រូវធ្វើតេស្តរកកូវីដ១៩ ដោយមួយលើកដំបូង ពេលមកដល់សិង្ហបុរីភ្លាម, មួយលើកទៀត ពេលដល់ថ្ងៃទី១៤ នៃការធ្វើចត្តាឡីស័ក និងមួយលើកចុងក្រោយ មុនផុតការធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃនោះ៕