ប្រទេសថៃ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃសុក្រនេះអាជ្ញាធរប្រទេសថៃ បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន២,២៥៦នាក់ និងករណីស្លាប់ថ្មី ៣០នាក់។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៥ករណីប៉ុណ្ណោះ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ ខណៈទីក្រុងបាងកកនៅតែជាកន្លែងមាន ករណីឆ្លងថ្មីៗច្រើនជាងគេដដែល គឺ១,០៨៧នាក់ ហើយកន្លែងដែលមានករណីឆ្លងច្រើនៗ បន្ទាប់ទៀត គឺខេត្តPathum Thani ដែលមាន ១៥៧ករណី, ខេត្ត Nonthaburi ដែលមាន១៣១នាក់ និងខេត្ត Samut Prakan ដែលមាន១២១នាក់។

សូមបញ្ជាក់ថា ថ្ងៃសុក្រនេះថៃក៏បានរាយការណ៍ពីករណីអ្នកជំងឺ១,៧០២នាក់ ទើបជាសះស្បើយផងដែរ។ នៅទូទាំងប្រទេសថៃចំនួនអ្នកឆ្លងកូវីដ១៩សរុប បានកើនដល់ ៩៦,០៥០នាក់ ក្នុងនោះ៨៩,៥៩៥នាក់ ជាករណីឆ្លងក្នុងសហគមន៍។ ចំណែកអ្នកជាសះស្បើយសរុប មានចំនួន ៦២,៣១៦នាក់ និងស្លាប់៥៤៨នាក់៕