យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា អត្រាស្លាប់ដោយសារជំងឺកូវីដ១៩ នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងជំងឺនេះសរុប ៣៦២,៧២៧នាក់ ខណៈអ្នកជំងឺសរុប ៤,១២០នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ជាង ២៣.៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៥៨,៣៥១នាក់ និងជាសះស្បើយឡើងវិញជិត ២០លាននាក់ ខណៈអ្នកជំងឺ ៣.៧១លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល៕