ភ្នំពេញ៖ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីម្នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា លោកស្រី មាសសាឯម ដានី ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩។

ប្រភពដដែលបានឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ លោកស្រី មាសសាឯម ដានី ដែលមានអាយុ៧១ឆ្នាំ បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca (Covishield) ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត។ លុះនៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២១ លោកស្រីចាប់ផ្ដើមមិនស្រួលក្នុងខ្លួន រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោកស្រីបានធ្វើតេស្ត និងទទួលលទ្ធផលវិជ្ជមាន។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មកលោកស្រី មាសសាឯម ដានី មិនបានមកបំពេញការងារនៅទីស្តីការគណៈរដ្ឋមន្ត្រីទេ។

ទទឹមនឹងនេះ ក្នុងសេចក្តីប្រកាសនោះ ទីស្តីការគណៈរដ្ឋមន្ត្រីបានណែនាំថា ចំពោះអ្នកទាក់ទងផ្ទាល់ជាមួយ លោកស្រីត្រូវទៅយកសំណាកនៅតាមទីតាំង ដែលក្រសួងសុខាភិបាលបានកំណត់។ ចំពោះអ្នកទាក់ទងដោយប្រយោលត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។