រឿងក្តីរបស់លោកឧកញ៉ា ជាមួយនឹង ពិធីការិនីទូរទស្សន៍ My TV កំពុងមានការចាប់អារម្មណ៌ជាខ្លាំងពីសំណាក់បងប្អូនមហាជនក្នុងបណ្តាញសង្គមហ្វ៊េសបុក ដែលបានចែកចាយតបៗគ្នានូវ វីដេអូសកម្មភាពចោទប្រកាន់របស់ភាគី”ក” (ឧកញ៉ា ហេង សៀ) និងសម្រែកស្រែយំរបស់ភាគ ”ខ” (កញ្ញាមាន ពេជ្ររីតា) ព្រមទាំងកំពុងតាមដានរឿងក្តីប្តឹងផ្តល់ចោទប្រកាន់គ្នាទៅវិញទៅមករបស់ភាគីទាំងពីរ។ ក្នុងនោះ ឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាម និងការលួចយកទូរស័ព្ទ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោទប្រកាន់ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈ លើរូបនាង។

ក្នុងជម្លោះខាងលើ ភាគីទាំងសងខាង ៖
– ភាគី”ក” (ឧកញ៉ា ហេង សៀ) បញ្ចេញវីដេអូរយៈពេលមួយនាទីកន្លះ បង្ហាញពីសកម្មភាពដែលភាគី “ខ”(កញ្ញា មាន ពេជ្ររីតា) បានចាក់ពោះភាគី”ក”(ឧកញ៉ា ហេង សៀ) ក្នុងរថយន្ត និងបានលួចទូរស័ព្ទ Iphone 11 pro Max មួយគ្រឿង ព្រមទាំងសកម្មភាពរត់គេចផងដែរ(តាមពាក្យប្តីរបស់ឧកញ៉ា ហេង សៀ)។

– រីឯភាគ”ខ” (កញ្ញា មាន ពេជ្ររីតា) ត្រូវបានមេធាវីការពារក្តីរបស់ខ្លួនបញ្ចេញវីដេអូបង្ហាញពីភាពអយុត្តិធម៌របស់ខ្លួន ដែលត្រូវបានគេប៉ុនប៉ងរំលោភសេពសន្ថវៈ លើរូបរាងកាយមិនបានសម្រេចហើយត្រូវគេប្តឹងទៀត។

ជុំវិញរឿងនេះក៏មានក្រសួងស្ថាប័នដែលពាក់ព័ន្ធផ្សេងៗ ទទូចសើ្នឱ្យតុលាការត្រូវធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីរកឲ្យឃើញដំណើររឿងពិត និងអង្គហេតុពិតប្រាកដ ក្នុងសំណុំរឿងទាំង២នេះ ។

ទទឹមនឹងនេះ តុលាការកំពុងបើកការស៊ើបអង្គេតលើករណីនេះឡើងវិញ បន្ទាប់ពីតំណាងអយ្យការ កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់កញ្ញា មាន ពេជ្រ រីតា ពីបទលួចមានស្ថានទម្ងន់ទោស (លួចទូរស័ព្ទដៃ ដោយប្រើអំពើហិង្សាបណ្តាលឲ្យរងរបួសដល់ជនរងគ្រោះ) ។ ការសម្រេចចោទប្រកាន់នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ក្រោយទទួលការចោទប្រកាន់រួច ភាគី”ខ” (កញ្ញា មាន ពេជ្ររីតា) បានធ្វើការប្តឹងតបតនឹងឧកញ៉ា ហេង សៀវិញពីបទ«ប៉ុនប៉ងរំលោភសេពសន្ថវៈ» នៅក្នុងរថយន្ត នេះបើយោងតាមពាក្យបណ្តឹងចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
អង្គហេតុសំណុំរឿងទាំង២កើតឡើង កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ នៅចំណុចផ្លូវលេខ១៣៨ កែងផ្លូវលេខ២៥៩ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យ៉ាងណាមិញនៅថ្ងៃទី១២ ខែឧសភានេះ មេធាវីការពារក្តីរបស់ កញ្ញា មាន ពេជ្ររីតា បានដាក់លិខិតស្នើសុំដោះលែងកញ្ញា មាន ពេជ្ររីតា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយលិខិតស្នើសុំដោះលែងនេះត្រូវបានដាក់ចូលតុលាការរួចរាល់ហើយ។

ខណៈពេលនេះដែរ ក្រុមការងារ TV Online មិនទាន់ទទួលបានសេចក្តីសម្រេច ឬដីការណាមួយចេញដោយតុលាការនោះទេ។ ដូច្នេះព័ត៌មានបន្ទាប់ក្រុមការងារយើង នឹងព្យាយាមផ្តល់ជូនបងប្អូនទាំងអស់គ្នាជ្រាបនៅពេលក្រោយ។