ខេត្តកំពង់ឆ្នាំង៖ ករណីអគ្គីភ័យឆាបឆេះបានសម្លាប់ប្រពន្ធ និងកូនៗចំនួន៤នាក់នោះ ឥឡូវត្រូវសមត្ថកិច្ចបញ្ជាក់ថាជាឃាតកម្មសម្លាប់ឱ្យផុតពូជ ដែលឃាតករជាប្តី។ នេះជាព័ត៌មានយ៉ាងជាក់លាក់ពីលោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងដែលក្រុមការងារ TV Online ទើបទទួលបាននៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីរាយការណ៌របស់សមត្ថកិច្ចបានឱ្យដឹងថា ជុំវិញករណីនៃអំពើឃាតកម្មសម្លាប់ប្រពន្ធ និងកូនៗចំនួន៤នាក់ខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្ត និយាយយ៉ាងច្បាស់ថាឃាតករជាប្តីដែលនៅរស់។ ដើមហេតុដែលឈានរហូតដល់ប្រើអំពើឃាតកម្ម ដោយសារតែគ្រួសារខាងលើ មានទំនាស់នឹងគ្នាជាញឹកញាប់ និងរ៉ាំរ៉ៃ ។

លោកស្នងការរងនគរបាលខេត្តបន្តថា លុះនៅថ្ងៃកើតហេតុ បុរសជាប្ដីនៅលើឡៅតឿ កំពុងតែកាច់បាយសីគ្រូ ដោយមានកន្ត្រៃនៅនឹងដៃផង ចំណែកកូនច្បងអាយុ៩ឆ្នាំដេកមើលទូរទស្សន៍ ហើយកូនអាយុ៧ឆ្នាំ ចំនួន២នាក់ទៀតដែលជាកូនភ្លោះ ក៏នៅលើឡៅតឿដែរ ។ គ្រានោះ ជម្លោះរវាងប្ដីប្រពន្ធក៏បានកើតឡើងជាថ្មីម្ដងទៀត ដោយស្ត្រីជាប្រពន្ធឈ្មោះ អៀន សុខ អាយុ៣៨ឆ្នាំ បានជេរត្រេះដៀលទៅលើបុរសជាប្ដីដដែលៗ និងជាច្រើនដង ព្រមជាមួយនឹងការជេរនោះ ស្ត្រីជាប្រពន្ធក៏បានឡើងទៅលើឡៅតឿជាមួយកូនតូចអាយុ២ឆ្នាំម្នាក់ទៀត ។ ពេលនោះដោយសារតែខឹងនឹងប្រពន្ធខ្លាំង បុរសជាប្ដីក៏បានចាប់បោចសក់ប្រពន្ធផ្ងារមកក្រោយ រួចយកកន្ត្រៃចាក់ដើមទ្រូងប្រពន្ធខាងស្ដាំចំនួន៣កន្ត្រៃតែម្តង បន្ទាប់ពីប្រពន្ធដួលសន្លប់ ឬអាចថាស្លាប់ហើយ បុរសជាប្ដីក៏បានដុតពូកនៅលើឡៅតឿ រួចចុះមកក្រោមដុតអីវ៉ាន់នៅខាងក្រោមទៀត និងឈរមើលរហូតដល់ភ្លើងឆេះខ្លាំងៗក្នុងផ្ទះ អាចល្មមថាមិនមានអ្នកណានៅរស់ ទើបបុរសជាប្ដីបើកទ្វារចេញមកខាងក្រៅរួចបិទទ្វារទៅវិញ ។ ហើយបន្ទាប់ពីអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅដល់ខាងក្រៅ ទើបមានសាក្សីម្នាក់បានមកដល់ ហើយបានស្រែកហៅឱ្យគេជួយ ខណៈដែលបុរសជាប្ដីនៅឈរមើលធ្វើមិនដឹង ។ ពេលនោះមានមនុស្ស៤ទៅ៥នាក់ទៅជួយពន្លត់ តែមិនអាចជួយបានឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសលវិច្ច័យ សមត្ថកិច្ចនគរបាលបានពិនិត្យឃើញថា ម្ដាយ និងកូនតូចអាយុ២ឆ្នាំពុំមានផ្សែងភ្លើងស្រូបចូលក្នុងផ្លូវដង្ហើមទេ ដូច្នេះមានន័យថា មនុស្ស២នាក់នេះបានស្លា.ប់មុនពេលភ្លើងឆេះផ្ទះទៅទៀត ។ដោយផ្អែកលើសាក្សីវត្ថុតាងជាច្រើនដាក់បន្ទុក ជនដៃដល់ជាប្តីមិនព្រមសារភាពនោះទេ រហូតដល់ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បុរសជាជនដៃដល់ (ជាប្តី) នៅតែមិនព្រមសារភាពប្រាប់សមត្ថកិច្ច នោះទេ តែបានប្រាប់ថា «សុំកុំបន្តសួរទៀតអី ចាំយប់នេះ រូបគេដុតធូបសុំគ្រូសិន ចាំថ្ងៃស្អែកគេនឹងប្រាប់នូវអ្វីគ្រប់យ៉ាង» ហើយសមត្ថកិច្ចក៏ព្រមធ្វើតាម ។

លុះវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែឧសភា នេះ ទើបឃាតករ (ប្តី) រូបនេះ ព្រមសារភាពដូចអ្វីដែលបានរៀបរាប់ពីខាងលើ ។ ក្រោយមកសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងក៏បានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ឃាតកម្មនេះកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌។