ភ្នំពេញ៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខវាយឱ្យរបួស និងត្រូវសមត្ថកិច្ចដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចការ៉ាសសាំងតេលា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសម្តីរបស់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ មន វិត អាយុ៤៥ឆ្នាំ មុខរបរជាសន្តិសុខ ចំណែកឯជនបង្កមិនស្គាល់អត្តសញ្ញាណពាក់អាវ.សដៃខ្លី ខោជើងខ្លីពណ៌ខ្មៅស្ថិតក្នុងស្ថានភាពស្រវឹងស្រា។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះជាសន្តិសុខយាមនៅក្នុងការ៉ាសសាំង ហើយបានរៀបចំនឹងបិទការ៉ាសសាំងសំរាកទៅហើយ ក៏ស្រាប់តែឃើញជនបង្កមិនដឹងថាតើដើរមកពីណានោះទេ? បានមកអង្គុយនៅមុខការ៉ាសសាំងជាងកន្លះម៉ោងក្នុងស្ថានភាពស្រវឹងស្រា រួចក៏ដើរចូលមកយកទូរស័ព្ទដៃវាយចំក្បាលចំនួន២គ្រឿង បណ្តាលឱ្យរូបគាត់រងរបួសបែកចិញ្ចើមអស់ម្ខាងផ្នែកខាងឆ្វេង និងហើមមុខមួយជំហៀង ថែមទាំងហូរឈាមទៀតផង។ ភ្លាមៗនោះក៏មានអ្នកធ្វើការនៅក្នុងការ៉ាសសាំងក៏បានរត់ចូលទៅជួយឃាត់ ហើយសមត្ថកិច្ចប្រចាំការបានចុះមកអន្តគមន៍ផងដែ។

ក្រោយមកសមត្ថកិច្ចបានធ្វើការសាកសួរ ហើយជនបង្កបានទទួលកំហុស និងព្រមចេញថ្លៃសំណង និងថ្លៃព្យាបាលឱ្យជនរងគ្រោះដើម្បីធ្វើការស្រុះស្រួលគ្នាបញ្ចប់រឿង៕