ភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរបានយកអាល់កុលក្លែងក្លាយ ប្រមាណជិត១២តោន ទៅបំផ្លាញចោល នៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា អគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត១២តោន ទៅបំផ្លាញចោល។ សារធាតុមេតាណុលទាំងនេះ ត្រូវបានមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យឃើញ និងរឹបអូសពីតាមបណ្តាឃ្លាំងស្តុក មធ្យោបាយដឹកជញ្ជូន និងបណ្តាឱសថស្ថាននានា ក្នុងរាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តទៀតថា អាល់កុល ឬអេតាណុល គឺជាសារធាតុ ដែលគេយកមកប្រើសម្រាប់សម្លាប់មេរោគ និងមានបុគ្គលឆ្លៀត ឱកាសមួយចំនួន បានបន្លំយកសារធាតុមេតាណុល (Methanol) មកលក់ជូនប្រជាពលរដ្ឋ។ នៅពេលប្រជាពលរដ្ឋយកប្រើអាចបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់ បានប្រសិនបើយកទៅលាយ ជាមួយស្រា ហើយបរិភោគលើសកម្រិត។

ទទឹមនឹងនេះ អាជ្ញាធរបានអំពាវនាឱ្យប្រជាពលរដ្ឋទាំងអស់ សូមពិនិត្យឱ្យច្បាស់មុននឹងទិញយកទៅប្រើប្រាស់ ។ ក្នុងករណីមានសង្ស័យ សូមរាយការណ៍មកអាជ្ញាធរដើម្បីធ្វើការត្រួតពិនិត្យ៕