ភ្នំពេញ៖ កាលពីវេលាម៉ោង១១៖១៥នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះស្ពានលេខ១០ និងលេខ១១ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយរថយន្ដដឹកភេសជ្ជៈមួយគ្រឿង បើកបោះពួយក្នុងល្បឿនយ៉ាងលឿន ទៅបុកពីក្រោយរថយន្ដដឹកដីមួយគ្រឿង ដែលបត់ឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរយៈបែកទ្រុង ហើយចាក់ភេសជ្ជៈចោលពេញផ្លូវ និងសង្កត់លើបុរសម្នាក់ដែលកំពុងតែជិះម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង។

គួរបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះថ្នាក់ខាងលើនេះ មានឈ្មោះ កាន ថូយ ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម ជិះម៉ូតូហុងដា ពាក់ស្លាកលេខ ភ្នំពេញ 1IF.1173 ។

ក្រោយពេលកើតហេតុ រថយន្ដទាំង២គ្រឿង ព្រមទាំងម៉ូតូ និងអ្នកបើកបររថយន្ដ ត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕