ខេត្តបន្ទាយមានជ័យ៖ លំនៅឋានប្រជាពលរដ្ឋប្រជាពលរដ្ឋមួយខ្នងដែលមានទំហំ៤ម៉ែត្រគុណនិង៥ម៉ែត្រ ដំបូលប្រក់ស្បូវ ជញ្ជាំងក្ដារត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិរំចេកលិច ឃុំអន្លង់វែង ស្រុកបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ម៉ុន បញ្ញា ភេទប្រុស អាយុ៣៥ និងប្រពន្ធឈ្មោះអ៊ុន សុភស់ អាយុ២៩ឆ្នាំ ។ មុនពេលកើតហេតុ ម្ចាស់ផ្ទះខាងលើបាននាំគ្នាចេញទៅធ្វើស្រែចំការបាត់អស់ ដោយទុក្ខកូនៗនៅផ្ទះ លុះដល់ពេលកើតហេតុស្រាប់តែកូនស្រីអាយុ៧ឆ្នាំម្នាក់ បានយកភ្លើងទៅដុតស្រមោច ស្រាប់តែអណ្ដាតភ្លើងបានឆាបឆេះ បណ្ដាល់ឲ្យរាលដាលដល់ឆេះអស់ផ្ទះទាំងមូលតែម្ដង។

ក្រោយមកក៏បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ តែគួរឲ្យស្ដាយអគ្គីភ័យឆាបឆេះលឿនពេក ធ្វើឲ្យផ្ទះមួយខ្នងក្លាយទៅជាផេះ ម្ចាស់ផ្ទះបានត្រឹមឈមើលផ្ទះដែលខ្លួនប្រើកម្លាំងញើសឈាមក៏សាង បែជាត្រូវរលាយនៅនិងមុខទៅវិញ៕