អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើតំបន់ហ្គាហ្សា (Gaza) នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែត ០៧គ្រាប់ ដោយក្រុមហាម៉ាស់ (Hamas) និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន (Palestinian militans) ដទៃទៀតទៅលើទឹកដីអ៊ីស្រាអែល។

ក្នុងហេតុការណ៍វាយប្រហារខាងលើ បានធ្វើឲ្យមនុស្ស២០នាក់បាត់បង់ជីវិត ក្នុងនោះមានក្មេង០៩នាក់ និងមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាសម្នាក់ផងដែរ គឺលោក ម៉ូហាំម៉េដ ហ្វាយយ៉ាដ (Mohammed Fayyad) និងមនុស្ស ៦៥នាក់ទៀតរងរបួស។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «យើងនឹងមិនអត់ធ្មត់ ចំពោះការវាយប្រហារមកលើទឹកដីរបស់យើង រដ្ឋធានីរបស់យើង ប្រជាជន និងទាហានរបស់យើងនោះទេ។ អ្នកដែលវាយប្រហារយើង នឹងត្រូវទទួលលទ្ធផលអាក្រក់ ទៅតាមអ្វីដែលពួកគេបានធ្វើ»។
សូមបញ្ជាក់ថា ការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែល គឺឆ្លើយតបទៅនិងការវាយប្រហាររបស់ក្រុមពួកឧទ្ទាមដែលបានបាញ់គ្រាប់រ៉ុក្កែតចំនួន ១៥០គ្រាប់ ដែលបាញ់ចេញពីតំបន់ Gaza ខណៈគ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាសប្រឆាំងគ្រាប់រ៉ុក្កែត ដែលមានឈ្មោះថាIron Dome របស់ទ័ពអ៊ីស្រាអែល៕