អន្ដរជាតិ៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាមនុស្ស០៤នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាចក្រមួយគ្រឿងចូលក្នុងបឹង នៅទីក្រុង តាលី (Dali) នៃខេត្តយុនណាន (Yunnan) ភាគនិរតីប្រទេសចិន។

ក្រុមពន្លត់ភ្លើងឆេះព្រៃចិន៤នាក់ ស្ថិតនៅលើឧទ្ធម្ភាគចក្រមួយគ្រឿងបានចេញប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃកាលពីថ្ងៃអាទិត្យកន្លងទៅ តែជាអកុសលឧទ្ធម្ភាចក្រមួយគ្រឿងនោះក៏បានធ្លាក់ចូលទៅក្នុងបឹង Erhai កាលពីវេលាម៉ោង ១០៖២០នាទីព្រឹកថ្ងៃចន្ទម្សិលមិញនេះ បណ្ដាលឲ្យក្រុមពន្លត់អគ្គិភ័យទាំង៤នាក់នោះស្លាប់បាត់បង់ជីវីត។

សូមបញ្ជាក់ថា មនុស្សពីរនាក់ត្រូវបានរកឃើញកាលពីថ្ងៃចន្ទ ប៉ុន្តែបានបាត់បង់ជីវិតនៅពេលទៅដល់មន្ទីរពេទ្យ ខណៈសាកសពមនុស្សពីរនាក់ទៀត ត្រូវបានរកឃើញកាលពីម៉ោង ២៖៥៥នាទីទាបភ្លឺថ្ងៃអង្គារនេះ៕