សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កីឡាករក្នុងបណ្តាប្រទេស ដើម្បីត្រៀមរៀបចំការប្រកួតពាន Copa America លើកទី៤៧។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC News នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

តាមសម្តីប្រធានសហព័ន្ធមួយរូបបានឱ្យដឹងថា សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិនឈ្មោះស៊ីណូវ៉ាក់ (Sinovac) ដល់កីឡាករក្នុងបណ្តាប្រទេស ដែលស្ថិតក្រោមសហព័ន្ធរបស់គេ ដើម្បីត្រៀមរៀបចំការប្រកួតពាន Copa America លើកទី៤៧ ក្រោយទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Sinovac Biotech ចំនួន ៥ម៉ឺនដូស។

ប្រភពដដែលបានឱ្យដឹងទៀតថា ការសម្រេចជួយផ្តល់វ៉ាក់សាំងពីក្រុមហ៊ុនស។ស៊ីណូវ៉ាក់នេះត្រូវបានបញ្ជាក់ច្បាស់លាស់ ក្រោយពីកីឡាករ Messi បរិច្ចាគអាវយឺតដែលមានហត្ថលេខារបស់ខ្លួនចំនួន៣ ទៅកាន់ក្រុមហ៊ុននេះ ដែលជាហេតុធ្វើឱ្យការចរចារប្រព្រឹត្តទៅដោយជោគជ័យ។

គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ រៀបចំដោយសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង និងបានធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដោយកីឡាករបាល់ទាត់ទាំងអស់តម្រូវឱ្យចាក់វ៉ាក់សាំងទើបអនុញ្ញាតឱ្យចូលប្រកូត៕