អន្ដរជាតិ៖ នៅថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០២១ កោះម៉ាល់ឌីវត្រូវបានរកឃើញថា អត្រាឆ្លងជំងឺកូវីដ១៩ 19 ប្រចាំថ្ងៃ នៅក្នុងប្រទេសដីកោះនៃមហាសមុទ្រឥណ្ឌាមួយនេះ បានកើនឡើងដល់ជាង ១,០០០នាក់ហើយ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ខណៈចំនួនប្រជាជនសរុបនៅម៉ាល់ឌីវមានតែជាង ៥៤០,០០០នាក់ប៉ុណ្ណោះ។

តាមការដកស្រង់ពីសារព័ត៌មានចិនស៊ីនហួរ បានឲ្យដឹងថាត្រឹមតែមួយថ្ងៃ កោះម៉ាល់ឌីវមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីៗចំនួន ១,០៩១ករណីត្រូវបានរកឃើញ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៥,៨១៥ករណី ក្នុងនោះមានអ្នកស្លាប់ ៨៤នាក់ និងអ្នកជាសះស្បើយ ២៦,២៩៩នាក់។

សូមបញ្ជាក់ថា ប្រជុំកោះម៉ាល់ឌីវកំពុងតែប្រឈមនឹងរលកទី ៤ នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដ៏កាចសាហាវ និងបានបំប្លែងខ្លួនជាវីរុសកាន់តែសាហាវជាបន្តបន្ទាប់។ ខណៈករណីឆ្លងប្រចាំថ្ងៃជាមធ្យមមានតែជាង ៧០០ករណីប៉ុណ្ណោះកាលពីសប្តាហ៍មុន ប៉ុន្តែវាបានកើនឡើងដល់ជាង ១,០០០ករណីនៅដើមសប្ដាហ៍នេះ ដែលវាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើកោះដែលមានសក្កដានុពលលើវិស័យទេសចរណ៍មួយនេះ៕