អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយគេហទំព័រ DW នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា យុវជនរាប់ពាន់នាក់នៅទូទាំងប្រទេសអេស្ប៉ាញ បាននាំគ្នាជួបជុំរាំតាមដងផ្លូវ នៅពេលនាឡិកាបន្លឺសម្លេងឡើង នៅពាក់កណ្ដាលអាធ្រាត្រថ្ងៃទី០៨ ខែឧសភា ដើម្បីអបអរសាទរថ្ងៃបិទបញ្ចប់បំរាមគោចរកូវីដ១៩ ដែលមានរយៈពេល៦ខែ។

ក្រោយពីមានស្ថេរភាពជាមួយនិងអត្រាឆ្លង ស្របនិងវឌ្ឍនភាពការចាក់វ៉ាក់សាំងបានច្រើនទូទាំងប្រទេស ដែលជាហេតុនាំឲ្យរដ្ឋាភិបាលអេស្ប៉ាញ បន្ធូបន្ថយច្បាប់រឹតត្បឹតស្ទើរទាំងស្រុង និងបើកឲ្យមានការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ។ បន្ទាប់ពីមានការដកបម្រាបគោចរ ប្រជាជនអេស្ប៉ាញជាច្រើនអ្នកបានជួបជុំគ្នា រាំលេងអបអរយ៉ាងសប្បាយរីករាយ នៅក្នុងទីក្រុងម៉ាឌ្រីដ និងទីក្រុងប៉ាសេឡូណាជាដើម។

សូមបញ្ជាក់ថា បើទោះជាការហាមឃាត់ការធ្វើដំណើរត្រូវបានបញ្ចប់ ហើយបម្រាបគោចរបានដកចេញពិតមែន ប៉ុន្ដែមិនមែនមានន័យថាការរឹតត្បិតត្រូវបានបន្ធូរបន្ថយទាំងអស់នោះទេ ដោយនៅមានតំបន់ខ្លះ នៅតែរឹតត្បិតម៉ោងបើក ម៉ោងបិទ និងកំណត់ច្បាប់ដាក់កម្រិតភ្ញៀវនៅតាមបារ និងភោជនីយដ្ឋាន៕