អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន India Today នៅរសៀលថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា វេជ្ជបណ្ឌិត ៨០នាក់នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា បានឆ្លងជំងឺកូវីដ១៩ ខណៈវេជ្ជបណ្ឌិតឯកទេសវះកាត់ម្នាក់ ដែលធ្វើការងារនៅទីនោះជិត៣០ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺកាចសាហាវនេះ។

គួរជម្រាបជូនថា វេជ្ជបណ្ឌិត៨០រូបខាងលើ ធ្វើការនៅមន្ទីរពេទ្យ Saroj បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន១២នាក់កំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ ខណៈ៦៨នាក់ទៀតកំពុងធ្វើចត្តាឡីស័ក និងព្យាបាលនៅតាមលំនៅឋានរបស់ខ្លួន។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានវេជ្ជបណ្ឌិត និងបុគ្គលិកផ្នែកសុខាភិបាលសរុប៣០០នាក់នៅតាមមន្ទីរពេទ្យក្នុងទីក្រុងញូដេលី បានឆ្លងជំងឺកូវីដ១៩អំឡុលពេលការឆ្លងរាតត្បាតរលកថ្មីដែលកំពុងវាយលុកយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសឥណ្ឌា៕