អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ឱ្យដឹងថា ជនសង្ស័យម្នាក់បានបើកការបាញ់ប្រហារនៅឯពិធីខួបកំណើតមួយក្នុងទីក្រុង ខូឡូរ៉ាដូ ស្ព្រីងស៍ (Colorado Springs) នៃរដ្ឋ ខូឡូរ៉ាដូ (Colorado) ភាគកណ្តាលសហរដ្ឋអាមេរិក ដោយបានបាញ់សម្លាប់មនុស្សចំនួន ០៦នាក់ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ នៅនឹងកន្លែងកើតហេតុតែម្ដង។

ប៉ូលិសទីក្រុង Colorado Springs (CSPD) បានប្រាប់អ្នកសារព័ត៌មានថា ប៉ូលិសបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទ ដែលរាយការណ៍អំពីការបាញ់ប្រហារមួយនៅឯតំបន់ ខេនធើប៊ឺរី (Canterbury) កាលពីវេលាម៉ោងប្រហែល ១២៖១៨ នាទីពាក់កណ្ដាលអធ្រាត្រ (ម៉ោងក្នុងតំបន់) ឈានចូលថ្ងៃអាទិត្យ។
ប៉ូលីសបញ្ជាក់បន្ថែមថា «នៅពេលមកដល់ មន្រ្តីប៉ូលិសបានរកឃើញមនុស្សស្លាប់ចំនួន ០៦នាក់ និងបុរសពេញវ័យម្នាក់ដែលមានរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ប៉ុន្តែរូបគេបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក»។

សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងម្នាក់ដែលបានបង្កការបាញ់ប្រហារ រួចសម្លាប់ខ្លួនឯងជាក្រោយនោះ គឺជាមិត្តប្រុសរបស់ស្ត្រីជាជនរងគ្រោះម្នាក់ ដែលស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ០៦នាក់ ក្រោយការបាញ់ប្រហារ៕