ខេត្តព្រះវិហារ៖ បុរសម្នាក់ជាតៃកុងរថយន្តដឹកស្រាបៀហ្គេនប៊ឺតម្នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ និង០៩នាក់(ប៉ះផ្ទាល់ និងប្រយោល)កំពុងធ្វើចត្តាឡីស័ក១៤។ នេះបើតាមសេចក្តីថ្លែងការរបស់ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

តាមរបាយការណ៌អាជ្ញាធរបានឱ្យដឹងថា បុរសជាតៃកុងរថយន្តមានវិជ្ជមានជំងឺកូវីដ១៩នេះ មានឈ្មោះ នឹម អេង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្រឡាញ់ខាងត្បូង ឃុំជ្រែកជ័យ ស្រុក សំរោង ខេត្តតាកែវ។ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលចំនួន ៩នាក់ទៀត ជាម្ចាស់ហាងបាយ និងអ្នកធ្វើការនៅក្នុងហាងបាយយីហោ «ណារ៉ែន» ស្ថិតក្នុងភូមិឆែបលិច ឃុំឆែមមួយ ស្រុកឆែប ខេត្តព្រះវិហារ។

បើតាមលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានថ្លែងដឹងថាមានអ្នកវិជ្ជមានកូវីដ១៩ ម្នាក់បានបើករថយន្តដឹកទំនិញ ស្រាបៀហ្គែនប៊ឺត តែម្នាក់ឯង បានចេញដំណើរពីព្រែកក្តាម ទិសដៅទៅខេត្តរតនគីរី។

លុះមកដល់ខេត្តព្រះវិហារ គាត់បានធ្វើដំណើរតាមផ្លូវជ័យសែន ឆ្ពោះទៅខេត្តរតនគីរី ដោយឆ្លងកាត់ស្រុកឆែប និងបានចុះហូបបាយតែមួយកន្លែងទេគឺ អាហារដ្ឋានណារ៉ែន។ គាត់បានចូលក្នុងហាងបាយដោយអង្គុយជាមួយអ្នករត់ឡានម្នាក់ទៀត ដោយបើកឡានផ្សេងគ្នាទិសដៅទៅខេត្តរតនគីរី (មិនស្គាល់ឈ្មោះ)។ គាត់បានបញ្ជាក់តាមទូរស័ព្ទថា គាត់មិនបានចូលបន្ទប់ទឹកក្នុងហាងបាយ និងមិនបានដើរឆ្លងតុបាយពីមួយទៅមួយទេ (មានកាំមេរ៉ាសុវត្ថិភាព) ជាសត្តុតាង»។

បន្ថែមពីនេះ អាជ្ញាធរបានកំណត់មុខសញ្ញាណថា អ្នករត់តុម្នាក់ដែលពាក់ព័ន្ធដោយផ្ទាល់ ស្ថិតក្នុងកម្រិតហានិភ័យខ្ពស់ ចំណែកមនុស្ស ០៨នាក់ផ្សេងទៀត ដែលពាក់ព័ន្ធដោយប្រយ៉ោលស្ថិតក្នុងហានិភ័យទាប។

គួរបញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរបានយកសំណាកអ្នកពាក់ព័ន្ធដោយផ្ទាល់ទៅពិនិត្យ និងឱ្យគាត់ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត១ អនុវិទ្យាល័យឆែប ចំណែកមនុស្ស ០៨នាក់ផ្សេងទៀត បានឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ៕