ខេត្តកំពង់ឆ្នាំង៖ ករណីអគ្គិភ័យលេបត្របាក់ផ្ទះអស់មួយខ្នង រួមទាំងនាំជីវិតមនុស្ស០៥ទៅជាមួយផងដែរ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ។

តាមសម្តីអាជ្ញាធរបានឱ្យដឹងថា គ្រួសាររងគ្រោះខាងលើ មានប្រពន្ធឈ្មោះ សៀន សុខជា អាយុ ប្រមាណជាង 30 ឆ្នាំ (ស្លាប់) ចំណែកប្ដីមានឈ្មោះ នុន សារ៉េត អាយុ 35 ឆ្នាំ(នៅរស់) និងកូន 4 នាក់ ក្នុងនោះកូនច្បងដែលជាកូនភ្លោះមានអាយុ 8 ឆ្នាំនិងកូនពៅគេមានអាយុ 4ឆ្នាំ (ប្រុសទាំងអស់បានស្លាប់ )

ប្រភពដដែលបានបន្តទៀតថា គ្រួសារនេះមានមុខរបរលក់ខោអាវជជុះ ចំណែក ផ្ទះរងគ្រោះ ដោយអគ្គីភ័យមានទំហំ 5 គុណនឹង 8 ម៉ែត្រ ធ្វើអំពីដែក ប្រក់និងបានបាំងជញ្ជាំងស័ង្កសី ។ ចំពោះមូលហេតុ អាជ្ញាធរបានសង្ស័យថាបណ្ដាលមកពីទុស្សេរចរន្តអគ្គីសនី ដោយសារតែផ្ទះនេះធ្វើអំពីដែកសុទ្ធ ។

គួរបញ្ជាក់ថា ពេលអគ្គិភ័យកើតឡើង មានរថយន្តរបស់អធិការរដ្ឋាននគរបាលស្រុកបានចេញប្រតិបត្តិការជួយពន្លត់ ប៉ុន្តែពេលទៅដល់មនុស្សបានស្លាប់នៅក្នុងភ្លក់ភ្លើង៥នាក់ទៅហើយ (ក្នុងនោះ មានម្ដាយនិងកូន 4 នាក់ )៕