ខេត្តសៀមរាប : រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥នាក់ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ជាអ្នកដំណើរមកពីក្រៅខេត្ត ដោយបានយកសំណាក និងធ្វើចត្តាឡីស័កពេលចូលភូមិសាស្រ្តខេត្ត។
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥នាក់ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ដែលជាករណីសង្ស័យ ត្រូវបានក្រុមការងារយកសំណាក និងធ្វើចត្តាឡីស័ក ដូចមានរាយនាមខាងក្រោម៖
១- ឈ្មោះ រ៉ែម អូន ភេទប្រុស អាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ ហៃ ថារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ សន ណារី ភេទស្រី អាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
៤- ឈ្មោះ យាន តាក់ ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់ ឃុំយាង ស្រុកពួក ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
៥- ឈ្មោះ ស្រឿរ គឹមឡាង ភេទស្រី អាយុ១៧ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
តាមរយៈលទ្ធផលនៃការស្រាវជ្រាវបឋមរបស់ក្រុមការងារជំនាញ រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា អ្នករួមដំណើរទាំងអស់ក្នុងរថយន្តឈ្នួលជាមួយអ្នកវិជ្ជមានទាំង៥រូបខាងលើ ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ ដោយផ្អែកតាមទិន្នន័យដែលបានមកពីការស្រង់ស្ថិតិអ្នកធ្វើដំណើរចូលខេត្តសៀមរាប នៅចំណុចព្រំប្រទល់ខេត្តសៀមរាប-ខេត្តកំពង់ធំ(ស្រុកជីក្រែង-ស្រុកស្ទោង) ហើយក្រុមការងារជំនាញនឹងបញ្ជូនមកយកសំណាកធ្វើតេស្តស្រាវជ្រាវ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៣នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុង-ប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។