រាជធានីភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានប្រកាន់យកនូវអភិក្រម “ផ្ការីក” ក្នុងយុទ្ធនាការជាតិចាក់ វ៉ាក់សាំងកូវីដ១៩ នៅទូទាំងប្រទេស។
យុទ្ធនាការនេះគឺដើម្បីសម្រេចគោលដៅបង្កើតភាពស៊ាំសង្គម-សេដ្ឋកិច្ចតាមរយៈការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍នៅក្នុងតំបន់អាទិភាពខ្ពស់រួមមាន រាជធានី និង ទីរួមខេត្ត ព្រមទាំងតំបន់ទីប្រជុំជនសំខាន់ៗដែលមានប្រជាពលរដ្ឋច្រើនកុះករធ្វើការ និង រស់នៅនិងដែលមានសារៈសំខាន់ខ្ពស់ខាងសង្គម-សេដ្ឋកិច្ចសំដៅរួមចំណែកគ្រប់គ្រងឲ្យបាននូវការឆ្លងរាលដាលជំងកូដ-១៩, បញ្ចៀសការបិទខ្ទប់ក្នុងទ្រង់ទ្រាយធំនាពេលអនាគតនិងធានាជារួមនូវនិរន្តរភាពនៃកិច្ចដំណើរការជីវភាពសង្គម-សេដ្ឋកិច្ចជាតិ។
អ្វីទៅជាអភិក្រម«ផ្ការីក»? អភិក្រម«ផ្ការីក»គឺជាអភិក្រមមួយដោយចាប់ផ្តើមពីយុទ្ធនាការចាក់វ៉ាក់សាំងពីចំណុចកណ្តាលនៃប្រទេសគឺផ្តើមចេញពីរាជធានីភ្នំពេញនិងតំបន់ទីប្រជុំ ជនសំខាន់ៗជុំវិញរាជធានីហើយពង្រីកជាជំហានៗទៅកាន់តំបន់ផ្សេងទៀតតាមលំដាប់លំដោយនៃការធ្វើអាទិភាវូបនីយកម្ម ។
កម្ពុជាត្រូវបានបែងចែកជា៣ តំបន់គឺតំបន់អាទិភាព ខ្ពស់, តំបន់អាទិភាពមធ្យមនិងតំបន់អាទិភាពទាប។ អនុលោមតាមអភិក្រម“ផ្ការីក” យុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងតំបន់អាទិភាពខ្ពស់ត្រូវតែបញ្ចប់ឱ្យបាននៅក្នុងឆ្នាំ ២០២១, កាន់តែឆាប់កាន់តែប្រសើរ ។
ដង់ស៊ីតេប្រជាជន ជាមូលដ្ឋានដំបូងក្នុងការកំណត់ជាតំបន់អាទិភាពពីព្រោះ ក្រុង/ស្រុក/ខណ្ឌដែលមានមនុស្សរស់នៅកកកុញងាយនឹងឆ្លងជើង និង ក៏ជាកន្លែងដែលមានសក ម្មភាពសេដ្ឋកិច្ចខ្ពស់ផងដែរ។ តំបន់ ទាំងអស់ទូទាំងប្រទេសត្រូវបានចែកជាបីក្រុម គឺ : តំបន់អាទិភាពខ្ពស់, តំបន់អាទិភាពមធ្យម និង តំបន់អាទិភាពទាប។