ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លួនឯងខណៈនាងកំពុងងូតទឹកសម្រេច០២ដង។ ការចាប់ខ្លួននោះបានធ្វើឡើង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៦ ក្រុមទី១ ផ្លូវបេតុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ិន ផាត អាយុ៥៦ឆ្នាំ មុខរបរជាប្រធានភូមិខាងលើ ចំណែកកូនស្រីអាយុ២២ឆ្នាំ នាងមានប្ដីរួចទៅហើយ ។

ប្រភពពីជនរងគ្រោះបានឱ្យដឹងថាជនសង្ស័យជាឪពុកបានចាប់រំលោភនាងបានសម្រេចជាបន្តបន្ទាប់២ដងនៅរាល់ពេលដែលនាងចូលទៅងូតទឹកក្នុងបន្ទប់ទឹកក្រោយផ្ទះ។ លុះក្រោយពេលរំលោភរួចបុរសនេះតែងបានគម្រាមសម្លាប់ចោល ប្រសិនបើនាងហ៊ានយករឿងដ៏អាស្រូវមួយនេះប្រាប់ឲ្យម្ដាយនិងប្ដីព្រមទាំងបងប្អូនបានដឹងនោះ។

ប៉ុន្តែទីបំផុតដោយសារតែមិនអាចអត់ទ្រាំទៅនឹងអំពើដ៏លាមករបៀបនេះបានតទៅទៀតនារីរងគ្រោះបានប្រាប់រឿងនេះទៅម្ដាយ (ប្រពន្ធជនសង្ស័យ) ទើបស្រ្តីជាម្ដាយប្ដឹងឲ្យនគរបាលឃាត់ខ្លួនបុរសនេះចាត់ការតាមច្បាប់តែម្ដង។

គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕