អតីតរាជធានីអង្គរធំ មានទំហំ៩គីឡូម៉ែត្រក្រឡាដែលស្ថាបនាឡើងជាបន្តបន្ទាប់ក្នុងរាជ្យនៃព្រះមហាក្សត្រជាច្រើនដំណរ និងបន្តរហូតដល់ព្រះបាទជ័យវរ្ម័នទី៧។

អតីតរាជធានីនេះមានកំពែងបួនជ្រុងព័ទ្ធជុំវិញ ដែលជ្រុងនីមួយៗមានប្រវែង៣គីឡូម៉ែត្រ។ កំពែងទាំងបួនជ្រុងក៏មានខ្លោងទ្វារសំខាន់ៗចំនួន៥ បែទៅរកទិសធំៗចំបងទាំងបួនដូចជា ខាងកើតមានខ្លោងទ្វារជ័យ និងខ្លោងទ្វារខ្មោច ខាងលិចមានខ្លោងទ្វារតាកាវ ខាងត្បូងមានខ្លោងទ្វារទន្លេអុំ និងខាងជើងមានខ្លោងទ្វារដីឆ្នាំង។

បន្ទាប់ពីកំពែង ផ្នែកខាងក្រៅបន្ទាប់ទៀតនោះគឺកសិន្ធុទឹកព័ទ្ធជុំវិញផងដែរ។ នៅចំកណ្ដាលនៃអតីតរាជធានីអង្គរធំ មានប្រាសាទបាយ័ន្ត ដ៏ល្អឯក កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧។

គួរបញ្ជាក់ោងដែរថា កំពូលប្រាសាទបាយ័ន្តមានចម្លាក់ព្រហ្មមុខបួនបែព្រះភ័ក្រទៅទិសធំៗចំបងទាំងបួន និង បានបង្ហាញស្នាមញញឹមមិនចេះរីងស្ងួតទៅកាន់អ្នកទេសចរគ្រប់ជាតិសាសន៍ ព្រមទាំងបានលើកតម្លៃវប្បធម៌ជាតិឱ្យកាន់តែវិសេសវិសាលជានិរន្តតរៀងទៅ៕