ថៃ៖ អាជ្ញាធរប្រទេសថៃបានប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន២៤២៩នាក់ និងមានអ្នកស្លាប់ចំនួន១៩នាក់បន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Thai Asian News នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។

ប្រភពពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលថៃបានឱ្យដឹងថា អាជ្ញាធរថៃបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន ២៤២៩នាក់។ ក្នុងនោះរួមមាន នៅរាជធានីបាងកកចំនួន១,១១២នាក់ ខេត្ត Nonthaburiចំនួន ២១៧នាក់ នៅខេត្ត Samut Prakan ចំនួន ១១៤នាក់ និងនៅខេត្ត Prachuap Khiri Khan ចំនួន១០០នាក់។ មិនតែប៉ុណ្ណោះក៏មានករណីស្លាប់១៩នាក់បន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ថៃមានករណីឆ្លង COVID-19 សរុបកើនដល់ ៨១,២៧៤នាក់ ក្នុងនោះស្លាប់៣៨២នាក់ និងជាសះស្បើយ ៥១,៤១៩នាក់៕