រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ដោយបុរសចំណាស់ម្នាក់បានស្លាប់ដោយសាររងការចាក់នឹងកាំបិត ក្នុងជម្លោះហិង្សាក្នុងគ្រួសារ ដែលបង្កឡើងរវាងបុរសជាកូនប្រសា និងស្ត្រីជាកូនបង្កើត នៅក្នុងផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសចំណាស់រងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យជាង៦០ឆ្នាំ។ ចំណែកកូនប្រសារជាជនបង្ក នៅមិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា មានវ័យជាង៣០ឆ្នាំ ដោយបច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងធ្វើការសាកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពុនទី២។

គួរបញ្ជាក់ថា នៅមុនកើតហេតុ ប្តីប្រពន្ធខាងលើបានឈ្លោះប្រកែកគ្នាជាខ្លាំង ធ្វើអោយបុរសជាឪពុកក្មេក ក៏ដូចជាឪពុកបង្កើតបានចូលទៅឃាត់ ក៏កកើតជម្លោះពាក្យសម្តីបន្តជាមួយបុរសកូនប្រសា រហូតឈានដល់ការប្រើកូនកាំបិតចុងស្រួច (កូនកាំបិតទាហាន) ចាក់ទៅលើបុរសជាឪពុកក្មេក បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបានស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ ៕