អន្ដរជាតិ៖ មន្ត្រីរបស់សហរដ្ឋអាមេរិកបានព្រមានថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកតាលីបង់ក្នុងរយៈពេល៩០ថ្ងៃខាងមុខស្របពេលទីក្រុងកាប៉ុលស្ថិតនៅឯកោជិតមួយខែហើយ ខណៈក្រុមតាលីបង់បានវាយលុកយកពន្ធនាគារកណ្តាលនៅ Kandahar ជាទីក្រុងធំលំដាប់ទី២របស់ប្រទេសដើម្បីដោះលែងអ្នកទោសជិត១០០០នាក់។

បរាជ័យនៅទីក្រុង Kandahar ដែលគេហៅថា រដ្ឋធានីខាងត្បូង បានក្លាយជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បន្ទាប់ពីមួយសប្តាហ៍ដែលពួកតាលីបង់បានវាយលុកទីក្រុងនានាតាមបណ្តាខេត្តស្ទើរទាំងប្រទេសដោយការវាយប្រហារយ៉ាងឆាប់រហ័ស។

បរាជ័យចុងក្រោយសម្រាប់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានកើតឡើង ស្របពេលដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ជំរុញឲ្យមេដឹកនាំអាហ្វហ្គានីស្ថានតស៊ូប្រយុទ្ធដើម្បីប្រទេសជាតិរបស់ពួកគេ បន្ទាប់ពីពួកតាលីបង់បានឈ្លានពានចូលកាន់កាប់យ៉ាងលឿន។

អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បាននិយាយកាលពីថ្ងៃពុធថា ៖«ពួកគេមានអ្វីដែលពួកគេត្រូវការ។ អ្វីដែលពួកគេត្រូវការកំណត់គឺថាតើពួកគេមានឆន្ទៈនយោបាយដើម្បីវ៉ៃបក ហើយថាតើពួកគេមានសមត្ថភាពដើម្បីរួបរួមក្នុងនាមជាមេដឹកនាំដើម្បីប្រយុទ្ធប្រឆាំង»។

អ្នកស្រីបន្ថែមថា ៖«យើងនឹងបន្តផ្តល់ការគាំទ្រតាមអាកាសយ៉ាងជិតស្និទ្ធ។ យើងនឹងបន្តផ្គត់ផ្គងដល់កម្លាំងរបស់ពួកគេដោយអាហារ និងសម្ភារៈ ហើយចំណាយលើប្រាក់ខែរបស់ពួកគេទាំងអស់»៕