រាជធានីភ្នំពេញ៖ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយក្មេងស្រីម្នាក់មានវិបត្តិផ្លូវចិត្តដោយដោះស្រាយមិនចេញ ក៏បានសម្រេចចិត្ត ទៅស្ពានជ្រោយចង្វារប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋជួយចាប់ឃាត់ទាន់ពេល។ ហេតុការណ៍ខាងលើ បានកើតឡើងនៅ រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារ ចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា នៅមុនពេលកើតហេតុគេឃើញក្មេងស្រីម្នាក់បានដើរស្ពាយកាបូបឡើងលើស្ពានជ្រោយចង្វារបម្រុងលោតទឹកសម្លាប់ខ្លួន ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋកំពុងតែធ្វើដំណើរនាំគ្នាឈប់យានយន្តចុះជួយចាប់ឃាត់ទាញដៃទាន់ពេល ទើបការប៉ុនប៉ងសម្លាប់ខ្លួនរបស់យុវតីស្រស់ស្អាតនោះមិនបានដូចបំណងឡើយ។ ក្រោយពីគេជួយសង្គ្រោះទាន់ពេលហើយនោះ គេក៏បាននាំនាងចុះមកគោលដៅរង្វង់មូលគួចការណុង ដែលជាគោលដៅរបស់សមត្ថកិច្ចប្រចាំការ ជួយអន្តរាគមន៍និងជួយសួរនាំរកសាច់ញាតិដើម្បីបញ្ជូនទៅផ្ទះវិញផងដែរ។

គួរបញ្ជាក់ថា ក្រោយសមត្ថកិច្ចធ្វើការសួនាំ យុវតីរូបនោះបានអោយដឹងថារូបគេមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ ដោយពិបាកចិត្តគិតអ្វីមិនចេញក៏សម្រេចចិត្តឆ្ពោះមកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារបែបនេះតែម្ដងទៅ។បន្ទាប់ពីមានការណែនាំដើម្បីកុំឲ្យក្មេងស្រីរូបនោះមានគំនិតចង់គិតខ្លីសម្លាប់ខ្លួនដូច្នេះទៀតហើយនាងក៏បានប្រាប់ថាផ្ទះរបស់នាងរស់នៅម្តុំផ្សារកណ្តាលក្នុងចណ្ឌដូនពេញ។ ក្រោយពីធ្វើការសាកសួរ និងអប់រំណែនាំរួច សមត្ថកិច្ចបានធ្វើការទាក់ទងទៅក្រុមគ្រួសារមកទទួលយុវតីខាងលើ ត្រលប់ទៅផ្ទះវិញ៕