អាហ្វហ្កានីស្ថានបានតែងតាំងប្រមុខកងទ័ពថ្មីរបស់ខ្លួន ចំពេលក្រុមសកម្មប្រយុទ្ធតាលីបង់កំពុងបន្ត វាយលុករុលទៅមុខ ដោយដណ្ដើមកាន់កាប់បានទីក្រុងចំនួន ១០ ក្នុងរយៈពេលមិនដល់ ២សប្ដាហ៍ផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNZ News នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាសរ៉ាហ្វ ហ្កានី បានប្រកាសតែងតាំងលោកឧត្ដមសេនីយ៍ទោ លោក ហៃបាទុលឡោះ អាលីហ្សៃ (Haibatullah Alizai) ដែលជាមេបញ្ជាការកងកម្ម៉ង់ដូរពិសេសឱ្យឡើងកាន់តំណែង ជានាយសេនាធិការកងទ័ពអាហ្វហ្កានីស្ថានជំនួសលោកឧត្តមសេនីយ៍ឯក លោក វ៉ាលី មហាំម៉ាត់ អះម៉ាត់ហ្សៃ (Wali Mohammad Ahmadzai)។ លោក Wali Mohammad ទើបតែត្រូវបានលោក Ghani តែងតាំងជាប្រមុខកងទ័ពអាហ្វហ្កានីស្ថានកាលពីខែមិថុនាកន្លងទៅតែប៉ុណ្ណោះ។

ការប្រកាសតែងតាំងនេះ ស្របពេលដែលប្រទេសនេះកំពុងត្រូវបានសកម្មប្រយុទ្ធតាលីបង់កំពុងបន្ត វាយដណ្ដើម បានទីក្រុង Ghazni ជាទីក្រុងយុទ្ធសាស្ត្រមួយដ៏សំខាន់ដែលតភ្ជាប់ផ្លូវទៅកាន់រដ្ឋធានីកាប៊ុល និងទីក្រុងចំនួន ០៩ទៀត។
គួរបញ្ជាក់ថា កងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញពីអាហ្វហ្កានីស្ថានតាមបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិន ឱ្យបានមុនថ្ងៃទី៣១ ខែសីហានេះ ស្របពេល ចារកម្មអាមេរិកក៏បានព្រមានដែរថារដ្ឋធានីកាប៊ុលអាចនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃក្រុមតាលីបង់ក្នុងរយៈពេល៩០ថ្ងៃ។ ប៉ុន្តែ រដ្ឋបាលលោក បៃដិន មិនមានបំណងបកក្រោយ វិញឡើយ ដោយថែមទាំងអះអាងទៀតផងថាការការពារប្រទេសអាហ្វហ្កានីស្ថាន គឺជាកាតព្វកិច្ចរបស់កងទ័ពអាហ្វហ្កានីស្ថានខ្លួនឯង៕