រាជធានីភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីឆ្លងចរន្ដអគ្គិសនីផ្ទុះចេញជាអណ្ដាតភ្លើង ស្រាប់តែមានបុរសម្នាក់ យកពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់ តែជាអកុសលក៏ត្រូវឆក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅបណ្ដោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឡន រីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករ មានស្រុកកំណើតនៅភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានករណីឆ្លងចរន្ដអគ្គិសនីលើបង្គោលភ្លើងមួយដើមបានឆាបឆេះ និងផ្ទុះដាច់ខ្សែភ្លើងមេ (ខ្សែស្រាត) ធ្លាក់មកក្រោម ពេលនោះជនរងគ្រោះយកបំពង់ពន្លត់អគ្គិភ័យយកមកជួយបាញ់ពន្លត់ តែដោយសារឆាបឆេះផ្ទុះខ្លាំង ហើយជនរងគ្រោះនៅជិតខ្សែភ្លើងស្រាតពេក និងមិនបានប្រយ័ត្នក៏ត្រូវឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

គួរបញ្ជាក់ថាក្រោយពេលកើតហេតុក៏ឃើញមានខាងEDCមកដល់ទីតាំងកើតហេតុខាងលើបានមកបិទកាប៊ីនភ្លើង និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោចុះមកសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញត្រួតពិនិត្យសពនិងធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕